តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា យោធាសហរដ្ឋអាមេរិកនិងយោធាកម្ពុជា នឹងធ្វើការហ្វឹកហ្វឺនផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរគ្នានូវមេរៀនជំនាញ រវាងយោធានិងយោធា ពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តកំពត ជាផ្នែកមួយនៃបេសកកម្មដែលមានឈ្មោះថា Pacific Angel 2016 (បេសកកម្មទេវតា ឆ្នាំ២០១៦ នៅតំបន់ប៉ាស៊ីហ្វិក)។
នៅក្នុងអំឡុងពេលនៃបេសកកម្មនេះ ទាហានអាមេរិក និងទាហានកម្ពុជាចំនួនប្រហែល ៨០ នាក់ រួមជាមួយនឹងទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ នឹងធ្វើការជាមួយគ្នាជាដៃគូ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងខេត្តកំពត។
Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោយមានការចូលរួមនិងការដឹកនាំ យ៉ាងសកម្មពីកំលាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយរបស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។
នៅប្រទេសកម្ពុជា វិស្វករមកពីប្រទេសនានានឹងធ្វើការលើគំរោងកសាងឡើងវិញ នៅក្នុងសាលាចំនួន ៤ ក្នុងមូលដ្ឋាន និងមណ្ឌលសុខភាពចំនួន ២ នៅក្នុងក្រុងកំពត ហើយអ្នកផ្តល់សេវាសុខភាពអន្តរជាតិនឹងចុះផ្តល់សេវាសុខភាព នៅស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត។ ការផ្លាស់ប្តូរខ្លឹមសារមេរៀនឯកទេស រវាងយោធាទាំងពីរនឹងផ្តោតលើស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការផ្តល់ជំនួយមនុស្សធម៌។ បេសកកម្មនេះនឹងត្រូវបញ្ចប់ជាមួយនឹងពិធីបិទ នៅថ្ងៃទី ២០ ខែមិថុនា។
តាំងពីឆ្នាំ២០០៧មក បេសកកម្ម Pacific Angel បានជួយកែលំអជីវិតរស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ នៅទូទាំងតំបន់ ដោយទន្ទឹមនឹងនោះ ធ្វើយ៉ាងណាអោយបណ្តាយោធានៅក្នុងតំបន់មានការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយគ្នា ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌។ នេះជាបេសកកម្ម Pacific Angel លើកទី ៤ ហើយដែលបានប្រព្រឹត្តទៅនៅកម្ពុជា។
កំណត់ចំណាំសំរាប់និពន្ធនាយក៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញនឹងរៀបចំការធ្វើដំណើររយៈពេលមួយថ្ងៃសំរាប់អ្នកសារព័ត៌មានក្នុងស្រុក ដើម្បីយកព័ត៌មានពីបេសកកម្ម Pacific Angel ក្នុងខេត្តកំពត នៅថ្ងៃពុធ ទី១៥ ខែមិថុនា។ អ្នកសារព័ត៌មានក្នុងស្រុកដែលចង់ចូលរួមក្នុងដំណើរនេះ គួរទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ដោយផ្ញើអ៊ីមែលមក Chreav@state.gov ឬទូរស័ព្ទមកលេខ ០២៣ ៧២៨ ២៥៨ អោយបានមុនម៉ោង៥ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦ ៕