កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាបាន ចាប់ផ្តើមលំហាត់ សមយុទ្ធប្រចាំឆ្នាំលើកទី៦ ស្តីពីការហ្វឹកហ្វឺន និងការសហប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក (CARAT) នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយពិធីបើកប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករាម។
នៅក្នុងឆ្នាំទី៦ ជាប់គ្នារបស់វា លំហាត់សមយុទ្ធទ្វេភាគី CARAT នេះនៅកម្ពុជា នៅតែជា មធ្យោបាយច្បាស់មួយ សំរាប់បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ លើលំហសមុទ្រ ជាមួយ កងទ័ពជើងទឹកកម្ពុជា។
ឧត្តមនាវីទោ Charlie Williams មេបញ្ជាការនៃក្រុមការងារពិសេសលេខ ៧៣ បានមាន ប្រសាសន៍ថា “CARAT ធ្វើអោយយើងអាចពង្រឹងទំនាក់ទំនងរឹងមាំជាមួយកងទ័ពជើងទឹកកម្ពុជា ដែលជាដៃគូរបស់យើង។ តាមរយៈទំនាក់ទំនងនិងវត្តមានជាបន្ត យើងបន្តធ្វើអោយមានភាពជឿនលឿនជាលំដាប់ ក្នុងការបង្កើនភាពស្មុគស្មាញនៃការហ្វឹកហ្វឺនរបស់យើង ហើយលើកកំពស់ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ“។
CARAT នៅកម្ពុជារួមមានព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃ នៅកំពង់ផែ និងនៅលើសមុទ្រ ដោយបញ្ចប់នៅថ្ងៃទី២០ វិច្ឆិកា។ នៅលើគោក បុគ្គលិកយោធានឹងធ្វើការហ្វឹកហ្វឺន ជាក់ស្តែងក្នុង ការកាត់បន្ថយការខូចខាត ការកំណត់ផ្លូវនាវា ការថែទាំអ្នកស្លាប់ និងរងរបួសក្នុងការប្រយុទ្ធ ទស្សនកិច្ចនិងការការពារកំលាំង ការឡើងលើនាវា ការឆែកឆេរ និងបច្ចេកទេសចាប់នាវា។ ការរៀនសូត្រជាលក្ខណៈសិក្ខាសាលានេះនឹងមានការចូលរួមនៃអ្នកជំនាញមកពីកងទ័ពជើងទឹកទាំងពីរ ដើម្បីពិភាក្សាពីការប្រតិបត្តិល្អដែលមាននិយាយនៅក្នុងច្បាប់របស់យោធា ពេទ្យយោធា និងការរុករកនិងជួយសង្គ្រោះតាមយន្តហោះ។ តន្រ្តីរបស់កងនាវាជើងទឹកទី៧ របស់សហរដ្ឋអាមេរិក ក៏នឹងធ្វើការប្រគំផងដែរ នៅក្នុងសកម្មភាពប្រាស្រ័យជាមួយសហគមន៍ នៅជុំវិញទីក្រុងព្រះសីហនុ។
នៅលើសមុទ្រ នាវាឈ្មោះ USS Fort Worth (LCS 3) ដែលមានបុគ្គលិក ៧ នាក់មកពីក្រុមនាវាពិឃាត Destroyer Squadron (DESRON) និងឧទ្ធម្ភាគចក្រប្រភេទ MH-60R មួយគ្រឿង នឹងធ្វើការហ្វឹកហ្វឺនជាមួយទូកល្បាតតូចចំនួន ២ គ្រឿង និងនាវាល្បាតតាមឆ្នេរចំនួនមួយគ្រឿង។ បន្ថែមពីលើការធ្វើការបត់បែន និងការហាត់បាញ់កាំភ្លើងនៅលើនាវា សកម្មភាព សំខាន់ៗរួមមានការឡើងលើនាវា លំហាត់រុករកនិងសង្គ្រោះ។
ឧត្តមនាវីត្រី H.B.Le មេបញ្ជាការមកពីក្រុមនាវាពិឃាតលេខ ៧ បានមានប្រសាសន៍ថា “យើងរំពឹងនឹងដំណើរការទៅមុខ នៅក្នុងដំណាក់កាលហ្វឹកហាត់នៅលើសមុទ្រនៃលំហាត់ សមយុទ្ធ CARAT ជាមួយដៃគូរបស់យើងក្នុងកងទ័ពជើងទឹកកម្ពុជា។ នៅឆ្នាំនេះ នាវា USS Fort Worth នឹងចូលរួមនៅក្នុង CARAT នៅកម្ពុជាជាលើកដំបូង ដែលជាការផ្តល់ឱកាសពិសេស ដល់យើងក្នុងការធ្វើការហ្វឹកហ្វឺនពីកន្លែងមួយទៅកន្លែងមួយក្នុងនាវាដែលថ្មី និងរហ័សបំផុតមួយ”។
ពលទាហានជើងទឹកអាមេរិកចំនួនប្រហែល ២០០ នាក់ និងពលទាហានជើងទឹកកម្ពុជាចំនួនប្រហែល ៣០០ នាក់ចូលរួមនៅក្នុង CARAT ឆ្នាំ ២០១៥ នៅកម្ពុជា។ នាវានៃកងទ័ពជើង ទឹកសហរដ្ឋអាមេរិកដែលចូលរួម រួមមាននាវាប្រយុទ្ធក្បែរតំបន់ឆ្នេរ ដែលមានឈ្មោះថា USS Fort Worth (LCS 3) និងនាវាដែលមានឈ្មោះថា USNS Safeguard (T-ARS 50) ។ អ្នកចូលរួម ដទៃទៀតរួមមានអ្នកមុជទៅក្រោមទឹកមកពីក្រុមមុជទឹកចល័ត Mobile Dive និងអង្គភាពជួយសង្រ្គោះ Salvage Unit (MDSU) ក្រុមទាហានប្រចាំតាមតំបន់ឆ្នេរមួយក្រុម ក្រុមទាហានជាង នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងក្រុមតន្រ្តីរបស់កងនាវាទី៧នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
CARAT គឺជាលំហាត់សមយុទ្ធលំហសមុទ្រទ្វេភាគីប្រចាំឆ្នាំដែលមានធ្វើជាបន្តបន្ទាប់ រវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងកំលាំងនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសទីម៉ខាងកើត។
ក្រុមការងារពិសេសលេខ ៧៣ និងក្រុមមកពីនាវាពិឃាតលេខ ៧ បានធ្វើផែនការលំអិត កំរិតខ្ពស់ រៀបចំធនធាន និងជួយដោយផ្ទាល់ដល់ដំណើរការសមយុទ្ធលំហសមុទ្រ ដូចជាលំហាត់ សមយុទ្ធ CARAT សកម្មភាពចូលរួមនិងប្រាស្រ័យរបស់កងទ័ពជើងទឹកជាមួយប្រទេសវៀតណាម និងការហ្វឹកហ្វឺននិងសហប្រតិបត្តិការពហុភាគីនៅតំបន់អាស៊ីអាគ្នេយ៍ (SEACAT) ជាមួយ ប្រទេសប្រ៊ុយណេ ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និងប្រទេសថៃ។