USAID ជួយ​​សាកលវិទ្យាល័យ​​នៅ​​ប្រទេស​កម្ពុជា ដាក់​​បញ្ចូល​​កម្មវិធី បម្រែបម្រួល​អាកាសធាតុ​ទៅ​ក្នុង​កម្មវិធី​សិក្សា

ចេញថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៥

នៅ​​ថ្ងៃ​​ទី​១៦​និង​១៧ ខែ​មករា សាកលវិទ្យាល័យ​ចំនួន​៨​នៅ​ប្រទេស​កម្ពុជា​បាន​ជួបជុំ​គ្នា ដើម្បី​ជំរុញ​ការ​អប់រំ​លើ​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស តាមរយៈ​ការ​សម្ភោធ​កម្មវិធី​សិក្សា​អំពី​បម្រែបម្រួល អាកាសធាតុ ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​ការ​បញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង ទ្វីប​អាស៊ី របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID LEAF)  គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ (USAID SFB)   និង​ដៃគូ​សាកលវិទ្យាល័យ​នៅ​អាស៊ី​។

បណ្តា​អ្នក​អប់រំ​បាន​ប្រកាស​សម្ភោធ​កម្មវិធី​សិក្សា​នេះ នៅ​ក្នុង​សិក្ខាសាលា​ជាតិ​ស្តីពី​ការ​ជំរុញ​ការ​អប់រំ​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) រៀបចំ ឡើង​ដោយ USAID LEAF, USAID SFB, RUPP និង មហាវិទ្យាល័យ​ភូមិន្ទ​កសិកម្ម  (RUA) ។

រយៈពេល​២​ឆ្នាំ​នេះ សាស្ត្រាចារ្យ​និង​អ្នក​ឯកទេស ​ខាង​ព្រៃឈើ​និង​បម្រែបម្រួល​អាកាសធាតុ មក​ពី​សាកលវិទ្យាល័យ ​ចំនួន​១៤ ពី​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង​ប៉ាពួញូហ្គីណេ​បាន​សហការ បង្កើត​កម្មវិធី​សិក្សា​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​នេះ​។ កម្មវិធី​នេះ​នឹង​ត្រូវ​យក​មក​ប្រើ ដើម្បី​បណ្តុះបណ្តាល អ្នក​វិជ្ជាជីវៈ​ខាង​បម្រែបម្រួល​អាកាសធាតុ​ជំនាន់​ក្រោយ​នៅ​ក្នុង​តំបន់​។

បណ្ឌិត សៀក សូផាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​-​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​នៅ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា “​សម្ភារៈ​សិក្សា​នេះ​ផ្តល់​សារៈសំខាន់​២​៖ ទី​១​គឺ​ចំណេះដឹង​ខាង​ទ្រឹស្តី និង ទី​២​គឺ​ជំនាញ​អនុវត្ត​សម្រាប់​សាស្ត្រាចារ្យ ក្នុង​ការ​បង្រៀន​មុខវិជ្ជា​នេះ​។ ជាមួយ​នឹង​សម្ភារៈសិក្សា​ដ៏​សំបូរ​បែប​នេះ សាស្ត្រាចារ្យ​កម្ពុជា​អាច​ជួយ​សិស្ស​របស់​ខ្លួន​អោយ​ប្រើប្រាស់​ចំណេះដឹង ជំនាញ និង ឥរិយាបទ​នៅ​ក្នុង​ការងារ​ជាក់ស្តែង​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​អោយ​មាន​និរន្តរភាព​។

តំណាង​មក​ពី​សាកលវិទ្យាល័យ​នានា​ ក្នុង​ប្រទេស​កម្ពុជា យល់​ពី​ដំណើរការ​បង្កើត​កម្មវិធី​សិក្សា​ ក្នុង​តំបន់​ ព្រមទាំង​សៀវភៅ​មេរៀន (module) ទាំង​៤ ដែល​មាន​៖ បម្រែបម្រួល​អាកាសធាតុ ​ជា​មូលដ្ឋាន សុវត្ថិភាព​សង្គម​និង​បរិស្ថាន ការ​រៀបចំ​ផែនការ​ប្រើ​ដី ​ដែល​បញ្ចេញ​កាបូនតិច និង ការ​វាស់​និង​ត្រួត​ពិនិត្យ បរិមាណ​ជាតិ​កាបូន​។ ឯកឧត្តមបណ្ឌិត សុខ វ៉ាន់នី នាយក​រង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​មាន ប្រសាសន៍​ថា “​យើង​ទាំងអស់​គ្នា​ដឹង​ថា ​ការ​បម្រែបម្រួល​អាកាសធាតុ​ មាន​ភាព​មិន​ច្បាស់លាស់​។ ហេតុ​នេះ ហើយ​ទើប​យើង​ត្រូវការ​កម្មវិធីសិក្សា​ ដែល​មាន​រចនា​សម្ព័ន្ធ​បែប​នេះ ដែល​មាន​ពន្យល់ ​ពី​មូលហេតុ​និង​ផល​ប៉ះពាល់​ពី​ការ​បម្រែបម្រួល​អាកាសធាតុ ព្រមទាំង​ពី​វិធានការ​ឆ្លើយ​តប​ប្រកប ​ដោយ​ប្រសិទ្ធិភាព​។ សិក្ខាសិលា​ជាតិ​នេះ​ជា​កម្មវិធី​ទី​១ នៅ​ក្នុង​បណ្តា​កម្មវិធី​បណ្តុះបណ្តាល​ផ្សេង​ៗ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​អ្នក​បណ្តុះបណ្តាល​និង​អ្នក​សម្របសម្រួល​សំខាន់​ៗ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​និង​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី USAID LEAF ។ សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ អ្នក​គ្រប់គ្រង​និង​ដឹកនាំ​មហាវិទ្យាល័យ មក​ពី​សាកលវិទ្យាល័យ​ទាំង​៦​ផ្សេង​ទៀត​នៅ​កម្ពុជា មាន​សាលា​កសិកម្ម​ជាតិ​ព្រែក​លាប សាកលវិទ្យាល័យ​បាត់ដំបង សាកលវិទ្យាល័យ​មាន​ជ័យ សាកលវិទ្យាល័យ​ស្វាយរៀង សាកលវិទ្យាល័យ​កំចាយ​មារ​ជាស៊ីម និង សាលា​កសិកម្មជាតិ​កំពង់ចាម បាន​ចូលរួម​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នៅ​ក្នុង​សិក្ខាសាលា​នេះ​។ សិក្ខាសាលា​នេះ​ក៏​បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​រដ្ឋាភិបាល អ្នក​វិជ្ជាជីវៈ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​។

USAID LEAF ជា​កិច្ច​ព្រមព្រៀង​សហការ​រយៈពេល​៥​ឆ្នាំ ឧបត្ថម្ភ​ថវិកា​ដោយ​បេសកកម្ម​អភិវឌ្ឍ​តំបន់​ទ្វីប​អាស៊ី​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍអន្តរជាតិ (USAID) អនុវត្ត​ដោយ Winrock International ដៃគូ​ជាមួយ អង្គការ​អភិវឌ្ឍន៍​ហូឡង់ (Netherlands Development Organization), Climate Focus, and RECOFTC – The Center for People and Forests។  USAID LEAF អនុវត្ត​វិធីសាស្ត្រ​តំបន់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​ប្រើប្រាស់​ដី ព្រៃឈើ​ពី​បណ្តា​ប្រទេស​ទាំង​៦​៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ប៉ាពួញូ​ហ្គីណេ ថៃ និង វៀតណាម​។