ទីភ្នាក់ងារ USAID ផ្តល់ជំនួយថ្មីមួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ចេញ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៧

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាស​មូលនិធិ​អំណោយថ្មីមួយ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សំរាប់រៀបចំការបោះឆ្នោត ឆ្នាំ ២០១៧ និង​២០១៨ នៅកម្ពុជា។ គំរោងគ្រប់គ្រងការ បោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំនេះ ដែលត្រូវបានផ្តល់អោយទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធ បោះឆ្នោត នឹងជួយគជប នៅក្នុងការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោត ពង្រឹងដំណើរការដោះស្រាយ​វិវាទ​នៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាព​របស់គជប ក្នុងការរក និងកាត់បន្ថយចំណុចខ្សោយ​ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា៖ «ការចូលរួមក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយ​នឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅ​ប្រទេសកម្ពុជា។»

កម្មវិធីនេះ​មានបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះគជប ដែលរួមមាន​ការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបោះឆ្នោត និងជំនួយដើម្បីធ្វើ​សេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈ​ស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។ អំណោយថវិកាថ្មីនេះ​នឹង​ជួយធ្វើអោយប្រាកដថា គ.ជ.ប ធ្វើតាមការបេ្តជ្ញារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតមួយ​អោយមាន​ប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកបដោយអត្ថន័យ តាមរយៈការបោះឆ្នោតឃុំ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨។

អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID

USAID ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំងពីឆ្នាំ ១៩៩២ USAID បានផ្តល់ថវិកា ប្រមាណជា១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ៕​

អំពីមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)

IFES គាំទ្រសិទ្ធិពលរដ្ឋក្នុងការចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌។ អ្នកជំនាញឯករាជ្យរបស់យើង ពង្រឹងប្រព័ន្ធបោះឆ្នោត និងកសាងសមត្ថភាពមូលដ្ឋាន ដើម្បី ផ្តល់នូវដំណោះស្រាយប្រកបដោយ និរន្តភាព។ ចាប់តាំងពីឆ្នាំ១៩៨៧ IFES ធ្វើការនៅជាង១៤៥ប្រទេស ចាប់ពីប្រទេសដែលមាន លទ្ធិប្រជាធិបតេយ្យកំពុងអភិវឌ្ឍ ដល់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យចាស់ទុំ។