ទីភ្នាក់ងារ USAID ផ្តើម​ការ​ខិតខំ​ថ្មី​មួយ​ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា

ទីភ្នាក់ងារ USAID ផ្តើមការខិតខំថ្មីមួយដើម្បីការពារសិទ្ធិរបស់ក្រុម LGBTI នៅកម្ពុជា
ចេញ​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៦

គំរោង​ថ្មី​មួយ​ដើម្បី​ការពារ​និង​លើក​កំពស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​មនុស្ស​ទាំង​ពីរ​ភេទ អ្នក​កែ​ភេទ និង​អ្នក​មាន​លក្ខណៈ​ភេទ​មិន​ចំ​ជា​ប្រុស​ឬ​ស្រី ឬ LGBTI នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ គំរោង​ដែល​មាន​ឈ្មោះ​ថា “​យើង​ដូច​គ្នា​” (We are the Same) ដែល​ត្រូវ​បាន​ប្រគល់​អោយ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ការ​អប់រំ និង​ការ​អភិវឌ្ឍន៍​ក្នុង​សកម្មភាព (Media One) អនុវត្ត ហើយ​នឹង​ជួយ​ដល់​សកម្មភាព​តស៊ូ​មតិ និង​សកម្មភាព​លើក​កំពស់​ការ​យល់​ដឹង​នានា ដើម្បី​ពង្រឹង​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា​។ គំរោង​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​សិទ្ធិ​របស់​ក្រុម LGBTI ជា​ផ្នែក​សំខាន់​មួយ​សំរាប់​ទ្រទ្រង់​សិទ្ធិ​មនុស្ស ទាំង​នៅ​កម្ពុជា ទាំង​នៅ​ទូទាំង​សាកលលោក​។

លោកស្រី​ភារធារី​ស្ថានទូត​អាមេរិក Julie Chung បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រ​ដល់​ការ​ខិតខំ​ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​។ គំរោង​ដូចជា​គំរោង “​យើង​ដូច​គ្នា​” ឆ្លុះ​បញ្ចាំង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​ចំពោះ​សមភាព ហើយ​ប្រឆាំង​នឹង​ការ​រើសអើង​និង​ហឹង្សា ដោយសារ​ភេទ​ដែល​គេ​ស្រឡាញ់ និង​អត្តសញ្ញាណ​ជេនឌ័រ​”​។

ដោយសារ​ការ​មាក់​ងាយ​និង​ការ​ភ័យ​ខ្លាច ប្រហែល ១ ភាគ ៣ នៃ​ប្រជាជន​កម្ពុជា​ក្នុង​ក្រុម LGBTI មិន​ដែល​សារភាព​ប្រាប់​អំពី​ខ្លួន​គេ​ទេ ហើយ​ចំនួន​ជាង ១ ភាគ ៥ ចង់​អោយ​ខ្លួន​គេ​ជា​មនុស្ស​ស្រឡាញ់​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ដូច​មនុស្ស​ធម្មតា នេះ​បើ​តាម​លទ្ធផល​នៃ​ការ​អង្កេត​ដែល​ចេញ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា​។ គំរោង “​យើង​ដូច​គ្នា​” ដែល​មាន​រយៈពេល ២ ឆ្នាំ នឹង​បង្កើន​លទ្ធភាព​របស់​ក្រុម និង​បុគ្គល​ក្នុង​ក្រុម​មនុស្ស LGBTI ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​លទ្ធភាព​ក្នុង​ការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ គំរោង​នេះ​ក៏​នឹង​ជួយ​ផង​ដែរ​ដល់​ក្រុម LGBTI តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កម្មវិធី​សេវា​តាម​ទូរស័ព្ទ​ដៃ​។

ស្តីពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)

USAID ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦១ ដោយ​លោក​ប្រធានាធិបតី John F. Kennedy ហើយ​គឺ​ជា​ទីភ្នាក់ងារ​ឈាន​មុខ​គេ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​ជំនួយ​។ តាំង​ពី​ឆ្នាំ ១៩៩២ មក USAID បាន​ផ្តល់​ប្រាក់​ចំនួន​ជាង​មួយ​ពាន់​លាន​ដុល្លា​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។

អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ការ​អប់រំ និង​ការ​អភិវឌ្ឍន៍​ក្នុង​សកម្មភាព (Media One)

អង្គការ Media One ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១២ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ឯករាជ្យ និង​មិន​ចូល​បក្ស​ខាង​ណា​មួយ ហើយ​ធ្វើ​ការ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​លើ​ការ​ទទួល​បាន​ព័ត៌មាន​ស្មើ​ភាព​គ្នា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ការ​ចូលរួម​ទាំងអស់​គ្នា នៅ​ប្រទេស​កម្ពុជា​។ អង្គការ​នេះ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ដំណោះស្រាយ​ពិសេស ដោយ​ឡែក សំរាប់​បញ្ហា​ប្រឈម​ធំ​ៗ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​។