ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសនៅថ្ងៃនេះនូវជំនួយថវិកាថ្មីមួយ ដើម្បីលើកកំពស់ និងការពារសិទ្ធិក្នុងការងារ នៅកម្ពុជា ដោយផ្តល់អំណាចដល់ភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយជំលោះក្នុងការងារដោយយុត្តិធម៌ និងសន្តិភាព។ គំរោងដែលមានឈ្មោះថា “លើកកំពស់សិទ្ធិក្នុងការងារសំរាប់ស្រ្តី និងបុរសនៅកម្ពុជា” ដែលត្រូវបានប្រគល់អោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) នឹងជួយបុគ្គលិកកម្មករ និងនិយោជកក្នុងការដោះស្រាយជំលោះទាក់ទងនឹងសិទ្ធិក្នុងការងារ ហើយដោះស្រាយបញ្ហានៃការរំលោភសិទ្ធិក្នុងការងារ។ គំរោងនេះគាំទ្រការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះសិទ្ធិមនុស្សនៅកម្ពុជា ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយជំលោះក្នុងការងារ។
គំរោងដែលមានរយៈពេល ៣ ឆ្នាំ ហើយត្រូវចំណាយទឹកប្រាក់អស់ចំនួន ៧០០ ០០០ ដុល្លាអាមេរិក នឹងបង្កើនជំនួយក្នុងការដោះស្រាយជំលោះក្នុងការងារ ហើយនិងសេវាសំរាប់បុគ្គលិកកម្មករ នៅក្នុងវិស័យនានា ដូចជាវិស័យកាត់ដេរសំលៀកបំពាក់ សំណង់ និងឧស្សាហកម្មបដិសណ្ឋារកិច្ច។ គំរោងនេះផ្តោតលើផ្នែកបីដែលមានការទាក់ទងគ្នាទៅវិញទៅមក គឺដំណោះស្រាយជំលោះក្នុងការងារ ការបណ្តុះបណ្តាលនិងសកម្មភាពដោយឡែកៗសំរាប់បុគ្គលិកកម្មករ និយោជក និងមន្រ្តីរដ្ឋាភិបាល ទាក់ទងនឹងដំណោះស្រាយជំលោះនិងសិទ្ធិក្នុងការងារ និងភាពត្រឹមត្រូវនិងនិរន្តភាពជាស្ថាប័នមួយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈការពង្រឹងប្រព័ន្ធ ដែលអនុញ្ញាតអោយបុគ្គលិកកម្មករ និងនិយោជកធ្វើការតស៊ូមតិ ដើម្បីសិទ្ធិ និងលទ្ធភាពរបស់គេក្នុងការទទួលបានសេវាជាទីទុកចិត្ត ការតវ៉ា និងជំលោះអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពល្អច្រើន។
លោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា បានកត់សំគាល់ថា “ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាមានមោទនភាពក្នុងការគាំទ្រសិទ្ធិក្នុងការងារនៅកម្ពុជា ពិសេសដោយសារថា ចំនួនដ៏ ច្រើននៃទំនិញនាំចេញរបស់ប្រទេសកម្ពុជាទាំងអស់ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក។” លោកស្រីបានមានប្រសាសន៍បន្តថា “ការដោះស្រាយជំលោះក្នុងការងារបានឆាប់មានសារៈសំខាន់ណាស់សំរាប់បុគ្គលិកកម្មករ ហើយល្អសំរាប់ក្រុមហ៊ុន។ វាជាទិដ្ឋភាពឈ្នះ ឈ្នះ ដែលយកធ្វើជាគំរូបាន”។
ប្រវត្តិទីភ្នាក់ងារ USAID៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតីអាមេរិក John F. Kennedy ហើយដើរតួនាទីជាទីភ្នាក់ងារនាំមុខគេ ក្នុងការផ្តល់ជំនួយបរទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ១៩៩២ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាប្រហែល ១ ពាន់លានដុល្លាអាមេរិក សំរាប់ការអភិវឌ្ឍន៍នៅ ក្នុងប្រទេសកម្ពុជា។
ប្រវត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF)ACF៖ គឺជាអង្គការកម្ពុជានៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងសំរួលការងារដោះស្រាយជំលោះក្នុងការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យ ដោះស្រាយជំលោះក្នុងការងាររបស់ប្រទេសកម្ពុជា។