ទីភ្នាក់ងារ USAID ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកាចំនួន ៣៥ លានដុល្លារ សំរាប់វិស័យសុខភាពសាធារណៈ និងអប់រំ កម្មវិធីបរិស្ថាននិងកសិកម្ម នៅកម្ពុជា

ទីភ្នាក់ងារ USAID ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកាចំនួន ៣៥ លានដុល្លារ សំរាប់វិស័យសុខភាពសាធារណៈ និងអប់រំ កម្មវិធីបរិស្ថាននិងកសិកម្ម នៅកម្ពុជា
ចេញថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦

នៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) សហរដ្ឋអាមេរិក និងរាជរដ្ឋា ភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលនឹងផ្តល់ថវិកាចំនួន ៣៥ លានដុល្លារ អាមេរិកពីកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន។ នេះជាប្រាក់ផ្តល់ដំបូង ក្នុងកញ្ចប់ថវិកាចំនួនប្រមាណ ១៣៧ លានដុល្លាសំរាប់ រយៈពេល៣ ឆ្នាំ សំរាប់ទ្រទ្រង់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យទាំងនេះ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William A. Heidt បានធ្វើជាសាក្សីនៅក្នុងពិធីនោះ ដោយឯកឧត្តម គាត ឈុន ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តាងនាមអោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងផ្តល់ជំនួយទ្វេភាគីទាំងពីរនេះ នឹងជួយដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិ បាលកម្ពុជា ដោយកែលំអគុណភាពនៃការថែទាំសុខភាព លើកកំពស់អាហារូបត្ថម្ភសំរាប់មាតានិងកុមារ បង្កើនទីផ្សានិងផលិតកម្មកសិកម្ម ការពារធនធានធម្មជាតិរបស់កម្ពុជា ហើយជួយសិស្សកម្ពុជាក្នុងការរៀនអាន៕