ទីភ្នាក់ងារ USAID និងក្រសួងរតនាគារសហរដ្ឋអាមេរិក បង្កើតគំរោងថ្មីមួយ សំរាប់កំណែទំរង់ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា

ទីភ្នាក់ងារ USAID និងក្រសួងរតនាគារសហរដ្ឋអាមេរិក បង្កើតគំរោងថ្មីមួយ សំរាប់កំណែទំរង់ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ចេញថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William A. Heidt និង​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តួចផ្តើម​គំរោង​ថ្មី​មួយ នៅ​ថ្ងៃ​នេះ ដើម្បី​ទ្រទ្រង់​ដល់​ការ​ខិតខំ របស់​ប្រទេស​កម្ពុជា ក្នុង​ការ​កែ​លំអ​តំលាភាព ផ្នែក​សារពើ​ពន្ធ និង​គណនេយ្យភាព ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ របស់​ប្រទេស​កម្ពុជា​។ គំរោង​ផ្តួចផ្តើម​នេះ ដែល​រៀបចំ​បង្កើត​រួម​គ្នា ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ការិយាល័យ​ផ្តល់​ជំនួយ​បច្ចេកទេស (OTA) របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក នឹង​ដាក់​អោយ​ធ្វើការ​ជាមួយ​គ្នា នូវ​អ្នក​ឯកទេស​មក​ពី OTA និង​អ្នក​ឯកទេស​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម ដល់​របៀប​វារៈ​លើ​កំណែ​ទំរង់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រដ្ឋាភិបាល​។

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ធ្វើ​ការ​កត់​សំគាល់​ថា “​ការ​គ្រប់គ្រង​ប្រកប ដោយ​តំលាភាព និង​ប្រសិទ្ធភាព លើ​ធនធាន​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ មាន​សារៈសំខាន់​ចាំបាច់ ដល់​កំណើន​លូតលាស់​សេដ្ឋកិច្ច​យូរ​អង្វែង​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ទទួល​ជោគជ័យ​គួរ​អោយ​ចាប់​អារម្មណ៍ ក្នុង​ការ​លើក​កំពស់​ការ​ប្រមូល​ប្រាក់​ចំណូល​របស់​ខ្លួន ពី​១៥​,​៦​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក នៅ​ឆ្នាំ​២០១១ ដល់​ជាង ១៩​% នៅ​ឆ្នាំ ២០១៣​។​ ការ​នេះ​ផ្តល់​អោយ​រដ្ឋាភិបាល​កម្ពុជា នូវ​ធនធាន​បន្ថែម​ទៀត​ក្នុង​ចំនួន​ច្រើន​គួរសម សំរាប់​យក​ទៅ​ប្រើ​ក្នុង​ផ្នែក​សង្គមកិច្ច​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​អោយ​ក្រសួង​សំរេច​ជោគជ័យ​ច្រើន​ថែម​ទៀត ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ធនធាន​ថវិកា​របស់​ខ្លួន​”​។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ ទីប្រឹក្សា​មក​ពី OTA នឹង​ធ្វើការ​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​កែ​លំអ​ការ​បែងចែក​សំរាប់​យក​ទៅ​ចាយ​វាយ​នូវ​ធនធាន​សាធារណៈ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ក្នុង​ជំហាន​ដំបូង ជំនួយ​នេះ​នឹង​ផ្តោត​លើ​ការ​ជួយ​ដល់​ក្រសួង​សុខាភិបាល ដែល​ជា​ក្រសួង​សមភាគី​សំខាន់​ជាង​គេ សំរាប់​ទីភ្នាក់ងារ USAID ។ ទីប្រឹក្សា​ទាំង​នោះ​ក៏​នឹង​ជួយ​ផង​ដែរ​ដល់​នាយកដ្ឋាន​ថវិកា​របស់​ក្រសួង​ហិរញ្ញវត្ថុ នៅ​ក្នុង​ការ​ពង្រីក​កម្មវិធី​ដល់​ក្រសួង​ដទៃ​ទៀត​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​។

ឯកឧត្តម​រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បាន​ពន្យល់​ថា “​យើង​រីករាយ​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លើ​គំរោង​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​។ ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​កំណើន ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ធនធាន​ជាតិ​ដ៏​មាន​តំលៃ​របស់​យើង ក៏​កាន់​តែ​មាន​សារៈសំខាន់​ច្រើន​ឡើង​ផង​ដែរ​”​៕