នាវា USS Germantown មកដល់ប្រទេសកម្ពុជា

នាវា USS Germantown មកដល់ប្រទេសកម្ពុជា
ចេញ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦

នាវា​បុក​ច្រាំង ថ្នាក់ Whidbey Island ដែល​មាន​ឈ្មោះថា USS Germantown (LSD-42) បាន​មក​ដល់​ទីក្រុង​ព្រះសីហនុ នៃប្រទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​តាម​កាល​កំណត់មួយ នៅថ្ងៃទី ១៦ ខែតុលា។

នាវា Germantown និងកងវរសេនាតូចភស្តុភាប្រយុទ្ធនៃអង្គភាពទី ៣១ ក្នុងអង្គភាពទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស (MEU) បានមកដល់ទីក្រុងព្រះសីហនុ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំង លេខ ៣៣ នៅសាធារណរដ្ឋហ្វីលីពីន។

លោក Severn Stevens Severn Stevens មេបញ្ជាការលើនាវា Germantown បានមានប្រសាសន៍ថា “ដោយបន្តទៅមុខជាមួយនឹងប្រក្រតីទិននៃប្រតិបត្តិការដ៏មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយនេះរបស់យើង យើងរីករាយនឹងឱកាសមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ នាវាចំបាំងមកប្រទេស កម្ពុជាមិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើអោយវត្តមានរបស់យើងនៅទីនេះផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគីរបស់យើងខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ដ៏សំបូរបែបនៃប្រទេសកម្ពុជា”។

នៅ​ក្នុង​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នាវឹក​និង​ទាហាន​ម៉ារីន​អាមេរិក​នឹង​ធ្វើការ​ស្វែង​យល់​ពី​អតីតកាល​និង​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈ​ដំណើរ​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត និង​វប្បធម៌ ដែល​រៀបចំ​ទទួល​ដោយ​ផ្នែក​ទទួល​បន្ទុក​ខាង​ស្មារតី សុខមាលភាព និង​ការ​កំសាន្ត​។

វរសេនីយ​ឯក Siebrand H. Niewenhous IV មេ​បញ្ជាការ​នៃ​កងវរសេនា​តូច​ភស្តុភា​ប្រយុទ្ធ​លេខ ៣១ បាន​មាន​ប្រសាសន៍​ថា “​ទាហាន​ម៉ារីន​ក្នុង​កង​វរសេនា​តូច​ភស្តុភា​ប្រយុទ្ធ​លេខ ៣១ និង MEU ទី ៣១ មាន​សេចក្តី​រំភើប​រីករាយ​ដោយ​បាន​មក​កម្ពុជា ហើយ​ឃើញ​អ្វី​ដែល​កម្ពុជា​មាន បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ហ្វីលីពីន​។ ទាហានម៉ារីន​អាមេរិក​ភាគ​ច្រើន​មិន​ដែល​បាន​មក​កន្លែង ដូចជា​ប្រទេស​កម្ពុជា​នេះ​ទេ ហើយ​យើង​រីករាយ​នឹង​ឃើញ​វប្បធម៌​ពិសេស​របស់​កម្ពុជា នៅ​ទីក្រុង​ព្រះសីហនុ​”​។

នាវិក និងទាហានម៉ារីនរបស់នាវា Germantown នឹងមានឱកាសបានទៅមើលសៀមរាបអង្គរ និងរាជធានីភ្នំពេញ។

ក្រៅពីការធ្វើដំណើរនិងការដើរទស្សនា បុគ្គលិកនាវា Germantown នឹងមានរៀបចំពិធីមួយនៅលើនាវា សំរាប់បុគ្គលិករបស់ស្ថានទូតអាមេរិក មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងអនុព័ន្ធបរទេស។ ពិធីនៅយប់នោះនឹងប្រព្រឹត្តទៅនៅលើវាលសំរាប់យន្តហោះរបស់នាវា ដែលនៅទីនោះ ឥស្សរជនអាមេរិក និងឥស្សរជនបរទេសមានឱកាសធ្វើការផ្លាស់ប្តូរយោបល់គ្នា។

នាវឹកនិងទាហានម៉ារីនអាមេរិកក៏នឹងចូលរួមផងដែរនៅក្នុងការប្រកួតកីឡាជាមួយទាហានកម្ពុជា ដែលរួមមានការប្រកួតបាល់ទះ និងបាល់ទាត់ រវាងប្រទេសទាំងពីរ។

នាវា Germantown ដែលអមក្រុមនាវាវាយប្រហារលេខ ៧ ប្រចាំនៅបរទេស បំពេញប្រតិបត្តិការនៅក្នុងតំបន់ប្រតិបត្តិការនៃកងនាវាជើងទឹកទី ៧ របស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខ និងស្ថិរភាព នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។