​ពិព័រណ៍​គម្រោង​វណ្ណ ម៉ូលីវណ្ណ

ស្ថានទូត​អាមេរិក ភ្នំពេញ
ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧

ស្ថានទូត​អាមេរិក មាន​​រៀបចំ​ពិព័រណ៍​ថ្មី​នៅ​ស្ថានទូត​អាមេរិក ស្តីពី​ស្នាដៃ​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី វណ្ណ ម៉ូលីវណ្ណ ដែល​នឹង​បើក​ជូន​សាធារណជន​ទស្សនា។

គេ​អាច​ចូល​ទស្សនា​ពិព័រណ៍​នេះ​បាន​តែ​តាមរយៈ​ការ​ណាត់​តែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ពុធ ពី​ម៉ោង ៣ ដល់​ម៉ោង ៤ រសៀល​។

ការ​ណាត់​អាចធ្វើ​បាន​ដោយ​ផ្ញើ​ឈ្មោះ​អ្នក​ដែល​ចង់​ចូលរួម​មក wfr@state.gov

ពិព័រណ៍​នេះ ដែល​មាន​បង្ហាញ​ពី​គំរូ​មាត្រដ្ឋាន និង​រូបថត ត្រូវ​បាន​ខ្ចី​មក ដើម្បីដាក់តាំងក្នុង​ពិពណ៌នេះ ពេញ​មួយ​ឆ្នាំ​។

គំរោង​វណ្ណ ម៉ូលីវណ្ណ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ដោយ​ស្ថាបត្យករ​ជនជាតិ​កាណាដា​ឈ្មោះ Bill Greaves ដើម្បី​ធ្វើការ​សិក្សា គូរ​ ចងក្រង​ឯកសារ រៀបចំ​បណ្ណាសារ បោះពុម្ភ និង​បង្កើន​ការ​យល់​ដឹង​ទៅ​លើ​អាគារ​ពិសេស​ៗ ដែល​នៅ​ពេល​នេះ រង​ការ​គំរាមកំហែង​ពី​ការ​ពុក​ផុយ និង​ការ​អភិវឌ្ឍន៍​ក្នុង​ការ​សាងសង់​។ គំរោង​វណ្ណ ម៉ូលីវណ្ណ​៖ ការ​សិក្សា​នៅ​រដូវ​ក្តៅ ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​ប៉ែន សេរីបញ្ញា ដែល​ជា​ស្ថាបត្យករ និង​ជា​អ្នក​ស្រាវជ្រាវ​តំបន់​ក្រុង​។

ដោយ​បាន​កើត​នៅ​ឆ្នាំ​១៩៣៣ ហើយ​សព្វ​ថ្ងៃ​នេះ កំពុង​រស់នៅ​ក្នុង​ខេត្ត​សៀមរាប លោក វណ្ណ ម៉ូលីវណ្ណ គឺ​ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៥០ និង​ទសវត្ស​ឆ្នាំ ១៩៦០​។ ស្នាដៃ​របស់​លោក​មាន​អាគារ​សំខាន់​ៗ​បំផុត​ក្នុង​ពិភពលោក នៅ​ក្រោយ​សម័យ​អាណានិគម ហើយ​មាន​សារៈសំខាន់​ណាស់​សំរាប់​ជា​បេតិកភណ្ឌ​ផ្នែក​ស្ថាបត្យកម្ម​ទំនើប​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាបត្យកម្ម​ថ្មី​របស់​ខ្មែរ​៕