ការរក្សាសិទ្ធិរស់នៅអចិន្ត្រៃយ៍

ការធ្វើដំណើរអន្តរជាតិ

ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកសន្មតថាបុគ្គលដែលទទួលបានការអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិកក្នុងនាមជាជនអន្តោប្រវេសន៍នឹងរស់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍។ ការស្នាក់នៅក្រៅសហរដ្ឋអាមេរិកលើសពី១២ខែអាចនឹងត្រូវបាត់បង់សិទ្ធិរស់នៅអចិន្ត្រៃយ៍។

មន្ត្រីរដ្ឋាភិបាលអាមេរិក (យោធា និងបុគ្គលិកបម្រើសេវាកម្មស៊ីវិលដែលជួលដោយផ្ទាល់) ប្ដី/ប្រពន្ធរបស់ពួកគេនិងកូនៗមិនទាន់ពេញវ័យដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅប្រទេសអាមេរិក អាចរស់នៅក្រៅសហរដ្ឋអាមេរិកទៅតាមរយៈពេលបេសកកម្មផ្លូវការក្រៅស្រុកបូករួមនឹងបួនខែបន្ថែមពីលើទៀតដោយពុំបាត់បង់សិទ្ធិរស់នៅអាមេរិករបស់ពួកគេឡើយ។

ជនអន្តោប្រវេសន៍ដទៃទៀតទាំងអស់ដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅប្រទេសអាមេរិក ហើយរស់នៅក្រៅសហរដ្ឋអាមេរិកលើសពីរយៈពេល១២ខែដោយគ្មានការអនុញ្ញាតពីស្ថាប័នសេវាកម្មពលរដ្ឋអាមេរិកាំងនិងអន្តោប្រវេសន៍ (USCIS) ជាមុន ត្រូវមានទិដ្ឋាការអន្តោប្រវេសន៍ថ្មីទើបអាចវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញបាន។ ការអនុញ្ញាតជាមុនរបស់ស្ថាប័ន USCIS មានជាលិខិតអនុញ្ញាតឲ្យវិលត្រឡប់ (re-entry permit) មួយច្បាប់ ហើយលិខិតនេះទៀតសោតអាចដាក់ពាក្យសុំបានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ជនដែលកាន់លិខិតអនុញ្ញាតឲ្យវិលត្រឡប់របស់ស្ថាប័ន USCIS អាចរស់នៅក្រៅសហរដ្ឋអាមេរិកទៅតាមសុពលភាពនៃលិខិតអនុញ្ញាតនោះ ដែលជាទូទៅលិខិតនេះមានសុពលភាពរហូតដល់២៤ខែ។ សម្រាប់ព័ត៌មានលម្អិតអំពីការដាក់ពាក្យសុំលិខិតអនុញ្ញាត Re-entry permit សូមចូលទៅកាន់ USCIS website

អតីតជនអន្តោប្រវេសន៍ដែលបាត់បង់សិទ្ធិរស់នៅអចិន្ត្រៃយ៍ហើយមានបំណងវិលត្រឡប់ចូលទៅរស់នៅសហរដ្ឋអាមេរិកវិញក្នុងនាមជាជនអន្តោប្រវេសន៍ត្រូវមានទិដ្ឋាការអន្តោប្រវេសន៍ថ្មីដែលបានមកពីពាក្យធានាអន្តោប្រវេសន៍ដែលទទួលបានការអនុម័ត ឬទទួលបានសិទ្ធិត្រឡប់ទៅរស់នៅអាមេរិកវិញ។ គ្រួសារជាជនជាតិអាមេរិកាំង (ប្ដី/ប្រពន្ធ ឪពុកម្ដាយ ​កូន ឬបងប្អូនបង្កើត) ឬនិយោជកអាមេរិកអាចដាក់ពាក្យធានាអន្តោប្រវេសន៍ ជំនួសឲ្យអតីតជនអន្តោប្រវេសន៍តាមរបៀបធម្មតា។ ព័ត៌មានស្ដីអំពីប្រភេទអន្តោប្រវេសន៍និងការធានាតាមរយៈការងារផ្សេងៗ មាននៅកន្លែងផ្សេងទៀតនៅក្នុងគេហទំព័រនេះ។

វិធីទីពីរគឺតម្រូវឲ្យជនអន្តោប្រវេសន៍ដាក់ពាក្យសុំសិទ្ធិត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញ។ ពាក្យសុំសិទ្ធិត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញតម្រូវឲ្យមានភ័ស្តុតាងបង្ហាញពីចំណងរបស់បេក្ខជនទៅនឹងសហរដ្ឋអាមេរិកដែលជាប់លាប់មិនដាច់ ព្រមទាំងភ័ស្តុតាងបង្ហាញថាការស្នាក់នៅក្រៅសហរដ្ឋអាមេរិកគឺពិតជាបណ្ដាលមកពីកត្តាផ្សេងៗដែលលើសពីសមត្ថភាពគ្រប់គ្រងរបស់បេក្ខជនហើយបេក្ខជនតែងមានបំណងត្រឡប់ចូលទៅរស់នៅសហរដ្ឋអាមេរិកវិញជានិច្ច។ ភ័ស្តុតាងនោះអាចជាការអនុវត្តតាមច្បាប់ពន្ធដារសហរដ្ឋអាមេរិកជាប់លាប់ មានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកហើយរក្សាអាជ្ញាប័​ណ្ណនិងសមាជិកភាពផ្សេងៗជាដើម។ ការគ្រាន់តែមានសាច់ញាតិជាពលរដ្ឋអាមរិក បានទៅរៀននៅស្រុកក្រៅ ឬគ្រាន់តែអះអាងពីបំណងត្រឡប់ទៅវិញ ជាទូទៅពុំគ្រប់គ្រាន់នោះទេ។

ដើម្បីដាក់ពាក្យសុំសិទ្ធិត្រឡប់ទៅរស់នៅអាមេរិកវិញ សូមមើល  Returning Resident Visas Checklist

Green card ដែលផុតសុពលភាព និងកំពុងជិតផុតសុពលភាព

ប្រសិនបើលោកអ្នកនៅក្រៅសហរដ្ឋអាមេរិកហើយ Green Card របស់លោកអ្នកនឹងត្រូវផុតសុពលភាពក្នុងអំឡុងពេល៦ខែខាងមុខទៀត (ប៉ុន្តែលោកអ្នកនឹងវិលត្រឡប់ចូលសហរដ្ឋអាមេរិកវិញក្នុងអំឡុងពេលមួយឆ្នាំគិតចាប់ពីថ្ងៃចាកចេញពីសហរដ្ឋអាមេរិកហើយមុនថ្ងៃដែលកាតនោះផុតសុពលភាព) លោកអ្នកត្រូវដាក់ពាក្យធ្វើកាតថ្មីភ្លាមបន្ទាប់ពីបានត្រឡប់ដល់សហរដ្ឋអាមេរិកវិញ។

ប្រសិនបើលោកអ្នកមានចំណុចណាមួយខាងក្រោមនេះ លោកអ្នកពុំចាំបាច់ត្រូវមាន boarding foil (សន្លឹកអនុញ្ញាតឲ្យធ្វើដំណើរទេ៖

  1. ជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលមាន Green Card មានសុពលភាព១០ឆ្នាំ ដែលហួសសុពលភាព (ហើយលោកអ្នកបាននៅក្រៅសហរដ្ឋអាមេរិកមិនដល់មួយឆ្នាំ)
  2. ជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលមាន Green Card មានសុពលភាព២ឆ្នាំដែលហួសសុពលភាពហើយលោកអ្នកក៏មានទម្រង់ពាក្យ I-797 ដែលមានឈ្មោះថា Notice of Action ដែលបង្ហាញថាលោកអ្នកបានដាក់ពាក្យ I-751 ជាពាក្យសុំដកលក្ខខណ្ឌនៃការរស់នៅ ឬទម្រង់ពាក្យ I-829 ជាការដាក់ពាក្យដោយសហគ្រិនដើម្បីសុំដកលក្ខខណ្ឌទៅលើសិទ្ធិរស់នៅអចិន្ត្រៃយ៍ (ហើយលោកអ្នករស់នៅក្រៅសហរដ្ឋអាមេរិកមិនដល់មួយឆ្នាំ)។ លិខិត I-797 Notice of Action ពន្យារសុពលភាពកាតដល់ពេលវេលាជាក់លាក់មួយ ដែលជាទូទៅគឺរយៈពេលមួយឆ្នាំ។ ឬ
  3. ដីការចេញពីរដ្ឋាភិបាលអាមេរិក (ស៊ីវិលឬយោធា) បង្ហាញថាពេលវេលានៅក្រៅសហរដ្ឋអាមេរិកនោះគឺបំពេញតាមធុរកិច្ចផ្លូវការរបស់រដ្ឋាភិបាល។
  4. លិខិតអនុញ្ញាត Reentry Permit ដែលនៅមានសុពលភាព

សូមពិគ្រោះជាមួយក្រុមហ៊ុនអាកាសចរណ៍ឬអ្នកដឹកអ្នកដំណើរមុននឹងដាក់ពាក្យ I-131A ពីព្រោះជួនកាល ពួកគេនៅតែមិនអនុញ្ញាតឲ្យអ្នកឡើងយានដដែលបើទោះបីជាលោកអ្នកមានចំណុចណាមួយខាងលើក៏ដោយ។ បើដូច្នោះ លោកអ្នកត្រូវបំពេញពាក្យ I-131A។

លិខិតអនុញ្ញាតឲ្យវិលត្រឡប់វិញ (Re-Entry Permit)

ប្រសិនបើលោកអ្នកមានគម្រោងទៅស្នាក់នៅក្រៅសហរដ្ឋអាមេរិកលើសពីមួយឆ្នាំតែតិចជាងពីរឆ្នាំ លោកអ្នកត្រូវមានលិខិតអនុញ្ញាតឲ្យវិលត្រឡប់ (re-entry permit) ទើបអាចវិលត្រឡប់ចូលសហរដ្ឋអាមេរិកវិញបាន។ លោកអ្នកត្រូវមានវត្តមាននៅក្នុងសហរដ្ឋអាមេរិកដោយផ្ទាល់នៅពេលដាក់ពាក្យសុំលិខិតអនុញ្ញាត (Form I-131) នេះ។ ប្រសិនបើលោកអ្នកស្នើពេលកំពុងបំពេញពាក្យសុំ គេអាចនឹងផ្ញើលិខិតអនុញ្ញាត re-entry permit ទៅកាន់ស្ថានទូតឬស្ថានកុងស៊ុលអាមេរិកដែលនៅបរទេសសម្រាប់ឲ្យលោកអ្នកទៅយក។ ការចាកចេញពីសហរដ្ឋអាមេរិកមុននឹងមានការសម្រេចចិត្តណាមួយទៅលើពាក្យសុំលិខិតអនុញ្ញាត re-entry permit នឹងមិនប៉ះពាល់ដល់ពាក្យសុំនោះទេ។

ជាទូទៅ លិខិតអនុញ្ញាត re-entry permit ចេញឲ្យរយៈពេលពីរឆ្នាំគិតចាប់ពីថ្ងៃដែលចេញលិខិតនោះ។ ផ្ទុយទៅវិញ លិខិតអនុញ្ញាត re-entry permit ដែលចេញឲ្យអ្នកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិករស់នៅក្រោមលក្ខខណ្ឌអាចមានសុពលភាពពីរឆ្នាំគិតចាប់ពីថ្ងៃដែលចេញលិខិតនោះ ឬរហូតដល់កាលបរិច្ឆេទដែលពលរដ្ឋរស់នៅក្រោមលក្ខខណ្ឌត្រូវដាក់ពាក្យដកលក្ខខណ្ឌទៅលើសិទ្ធិរស់នៅរបស់ខ្លួន អាស្រ័យលើកាលបរិច្ឆេទណាមួយដែលដល់មុន។ មានករណីលើកលែងផ្សេងៗទៀតដែរ សូមទាក់ទង់ទៅកាន់ស្ថាប័ន USCIS សម្រាប់ព័ត៌មានលម្អិត។

  • ដើម្បីតាមដានលទ្ធផលពាក្យសុំលិខិតអនុញ្ញាត re-entry permit នៅស្ថាប័ន USCIS របស់លោកអ្នក សូមចូលទៅកាន់ USCIS website 
  • ដើម្បីតាមដានឲ្យដឹងថាលិខិតអនុញ្ញាត re-entry permit បានមកដល់ហើយឬនៅ សូមអ៊ីម៉ែលIVPhnomPenh@state.gov