គ្រប់សមាជិកដែលត្រូវធ្វើដំណើរជាមួយអ្នក ក៏ត្រូវមកសម្ភាសជាមួយអ្នកដែរ។ ប្រសិនអ្នកមិនអាចមកតាមការណាត់សម្ភាសបានទេនោះ សូមទាក់ទងមកកាន់ការិយាល័យរបស់យើងភ្លាមតាមរយៈអ៊ីម៉ែល។
សូមភ្ជាប់មកជាមួយនូវឯកសារចាំបាច់ទាំងអស់ នៅពេលអ្នកមកសម្ភាស។
យើងនឹងមិនបន្តករណីពាក្យសុំទិដ្ឋាការរបស់អ្នកឡើយ ប្រសិនអ្នកខកខានយកឯកសារដែលតម្រូវមកជាមួយ។ ឯកសារតម្រូវដែលត្រូវភ្ជាប់មកមានដូចខាងក្រោមនេះ៖
- វិក្កយបត្របង់ប្រាក់ថ្លៃសម្ភាសពីធានាគារអេស៊ីលីដា សូមចុចទីនេះ សម្រាប់សេចក្តីណែនាំការបង់ប្រាក់។
- អត្តសញ្ញាណប័ណ្ណ
- លិខិតឆ្លងដែនសម្រាប់បេក្ខជននីមួយៗ។ (មានសុពលភាពយ៉ាងតិចប្រាំមួយខែ)
- រូបថត ៥x៥ ស.ម. ពីរសន្លឹក (សូមសរសេរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតនៅខាងក្រោយ)។ សូមចុចទីនេះសម្រាប់ព័ត៌មានអំពីតម្រូវការរូបថត។
- សំបុត្រកំណើតសម្រាប់បេក្ខជននីមួយៗ (ច្បាប់ដើមនិងច្បាប់ចម្លងមួយសន្លឹក)
- លិខិតលែងលះ ឬលិខិតមរណភាព ប្រសិនមាន (ច្បាប់ដើមនិងច្បាប់ចម្លងមួយសន្លឹក)
- លិខិតថ្កោលទោស៖ នៅប្រទេសកម្ពុជា លិខិតថ្កោលទោសត្រូវបានចេញដោយក្រសួងយុត្តិធម៌ នៅអាគារលេខ ៤២០ ផ្លូវសុធារស រាជធានីភ្នំពេញ។ សម្រាប់ប្រទេសផ្សេង សូមចុចទីនេះ។
- ពិនិត្យសុខភាព៖ សូមចុចទីនេះ សម្រាប់សេចក្តីណែនាំបន្ថែម។
- ពាក្យធានាផ្នែកហិរញ្ញវត្ថុ៖ ឯកសារច្បាប់ដើម I-134 ចុះហត្ថលេខាហើយ និងឯកសារពន្ធ (Tax Transcripts) ចុងក្រោយរបស់អ្នកធានា។ ទម្រង់ I-134 នេះអាចទាញយកបានតាមរយៈ http://www.uscis.gov/I-134និងសូមចូលទៅកាន់ irs.gov សម្រាប់ព័ត៌មានបន្ថែមអំពីឯកសារពន្ធ។
- ភ័ស្តុតាងបញ្ជាក់ពីទំនាក់ទំនង។
- លិខិតបញ្ជាក់ការងារយោធា ប្រសិនអ្នកធ្លាប់បម្រើការងារយោធា (ច្បាប់ដើមនិងច្បាប់ចម្លងមួយសន្លឹក)
- ការបកប្រែ៖ រាល់ឯកសារខាងលើទាំងឡាយណាដែលមិនមែនជាភាសាអង់គ្លេស ត្រូវតែភ្ជាប់មកជាមួយនូវ ឯកសារបកប្រែជាភាសាអង់គ្លេសត្រឹមត្រូវ ហើយអ្នកបកប្រែត្រូវតែបញ្ជាក់ថាបានបកប្រែត្រឹមត្រូវ និងពេញលេញ ហើយបុគ្គលនោះក៏ជាអ្នកមានសមត្ថភាពក្នុងការបកប្រែឯកសារទៅជាភាសាអង់គ្លេសដែរ។
ចំណាំ៖ យើងមិនអាចធានាជាមុនបានទេថា ទិដ្ឋាការនឹងអាចចេញជូនបានឡើយ។ មន្ត្រីកុងស៊ុលអាចធ្វើការសម្រេចចិត្តបាន លុះត្រាមន្ត្រីកុងស៊ុលនោះបានពិនិត្យមើលពាក្យសុំទិដ្ឋាការផ្លូវការ ឯកសារទាំងអស់ និងសម្ភាសអ្នកដោយផ្ទាល់ជាមុនសិន។
អ្នកធានាក៏អាចចូលមកតាមកាលបរិច្ឆេទថ្ងៃសម្ភាសដែរ ប៉ុន្តែអ្នកធានាទាំងនោះត្រូវភ្ជាប់លិខិតឆ្លងដែនមកជាមួយ។ ប៉ុន្តែ អ្នកធានាមិនអនុញ្ញាតឱ្យ៖
- ទៅបង្អួចសម្ភាសទិដ្ឋាការខណៈបេក្ខជនកំពុងសម្ភាស លើកលែងតែមន្ត្រីកុងស៊ុលអនុញ្ញាត។
- ព្យាយាមផ្តល់ព័ត៌មានផ្សេងៗជាមួយបេក្ខជនអំឡុងពេលសម្ភាសក្រោមមូលហេតុណាក៏ដោយ លើកលែងតែស្នើសុំដោយមន្ត្រីកុងស៊ុល។
- រំខានដល់ការសម្ភាសរបស់បេក្ខជន ឬបុគ្គលផ្សេង។ ប្រសិនបំពានលក្ខខណ្ឌណាមួយ អ្នកធានានឹងត្រូវនាំឱ្យចេញពីបន្ទប់រង់ចាំភ្លាម និងមិនត្រូវអនុញ្ញាតឱ្យចូលឡើយ។
ចំណុចសំខាន់៖ អ្នកមិនគួររៀបចំការធ្វើដំណើរចាកចេញពីប្រទេសខ្លួន ឬបោះបង់ទ្រព្យសម្បត្តិ ឬលាឈប់ពីការងាររបស់អ្នកឡើយ រហូតដល់អ្នកទទួលបានទិដ្ឋាការ។ ជាទូទៅ ទិដ្ឋាការមិនមែនអន្តោប្រវេសន៍មានសុពលភាពរយៈពេល ៦ ខែ ចាប់ពីថ្ងៃដែលចេញជូន។ អ្នកត្រូវធ្វើដំណើរ និងដាក់ពាក្យសុំចូលសហរដ្ឋអាមេរិកក្នុងរយៈពេល ៦ ខែនេះ។
សូមមកសម្ភាសឱ្យបានទាន់ពេលវេលា។ ប្រសិនមកមិនទាន់ពេលវេលា ឬមិនទាន់បានបង់ប្រាក់ MRV ការសម្ភាសរបស់អ្នកនឹងត្រូវលុបចោល។