Green Card ដែលបាត់ ត្រូវចោរលួច ឬផុតសុពលភាព

ស្ថាប័នសេវាកម្មពលរដ្ឋនិងអន្តោប្រវេសន៍ហៅកាត់ថា (USCIS) ចេញកាតឲ្យរស់នៅអចិន្ត្រៃយ៍ (I-551) ចំពោះជនអន្តោប្រវេសន៍ណាដែលទទួលបានសិទ្ធិរស់នៅដោយស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។ កាតរស់នៅអចិន្ត្រៃយ៍ (ជាទូទៅហៅថា «Green Card») អាចចេញឲ្យឬប្ដូរបានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនអាចទទួលបានក្រៅប្រទេសឡើយ។

ប្រសិនបើលោកអ្នកមានចំណុចណាមួយខាងក្រោមនេះ លោកអ្នកពុំចាំបាច់ត្រូវមាន boarding foil (សន្លឹកអនុញ្ញាតឲ្យធ្វើដំណើរទេ៖

  1. ជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលមាន Green Card មានសុពលភាព១០ឆ្នាំ ដែលហួសសុពលភាព (ហើយលោកអ្នកបាននៅក្រៅសហរដ្ឋអាមេរិកមិនដល់មួយឆ្នាំ)
  2. ជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលមាន Green Card សុពលភាព២ឆ្នាំដែលហួសសុពលភាពហើយលោកអ្នកក៏មានទម្រង់ពាក្យ I-797 លិខិតដែលមានឈ្មោះថា Notice of Action ដែលបង្ហាញថាលោកអ្នកបានដាក់ពាក្យ I-751 ជាពាក្យសុំដកលក្ខខណ្ឌនៃការរស់នៅ ឬទម្រង់ពាក្យ I-829 ជាការដាក់ពាក្យដោយសហគ្រិនដើម្បីសុំដកលក្ខខណ្ឌទៅលើសិទ្ធិរស់នៅអចិន្ត្រៃយ៍ (ហើយលោកអ្នករស់នៅក្រៅសហរដ្ឋអាមេរិកមិនដល់មួយឆ្នាំ)។ លិខិត Notice of Action ពន្យារសុពលភាពកាតដល់ពេលវេលាជាក់លាក់មួយ ដែលជាទូទៅគឺរយៈពេលមួយឆ្នាំ ឬ
  3. ដីការចេញពីរដ្ឋាភិបាលអាមេរិក (ស៊ីវិលឬយោធា) បង្ហាញថាពេលវេលានៅក្រៅសហរដ្ឋអាមេរិកនោះគឺបំពេញតាមធុរកិច្ចផ្លូវការរបស់រដ្ឋាភិបាល។
  4. លិខិតអនុញ្ញាត Reentry Permit ដែលនៅមានសុពលភាព

*សូមពិគ្រោះជាមួយក្រុមហ៊ុនអាកាសចរណ៍ឬអ្នកដឹកអ្នកដំណើរមុននឹងដាក់ពាក្យ I-131A ពីព្រោះជួនកាល ពួកគេនៅតែមិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរដដែលបើទោះបីជាលោកអ្នកមានចំណុចណាមួយខាងលើក៏ដោយ។ បើដូច្នោះ លោកអ្នកត្រូវដាក់ពាក្យ I-131A។

ប្រសិនបើលោកអ្នកទុក Green Card នៅសហរដ្ឋអាមេរិក លោកអ្នកត្រូវពឹងមិត្តភក្ដិឬសាច់ញាតិដែលនៅទីនោះឲ្យជួយផ្ញើកាតនោះឲ្យលោកអ្នក។

ប្រសិនបើ Green Card របស់លោកអ្នកបាត់បង់ ត្រូវចោរលួច ឬខូចខាត លោកអ្នកអាចនឹងទទួល «boarding foil» (ឯកសារធ្វើដំណើរ) ដែលមានសុពលភាព៣០ថ្ងៃឬតិចជាងនោះ សម្រាប់ការចូលទៅសហរដ្ឋអាមេរិកបានតែមួយលើក។ មុននឹងចេញ «Boarding Foil» មន្ត្រីកុងស៊ុលនឹងធ្វើការសម្ភាសលោកអ្នកដើម្បីបញ្ជាក់ថាលោកអ្នកពិតជាទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកមែន។

របៀបដាក់ពាក្យ

ជំហានទី១៖ បង់ថ្លៃដាក់ពាក្យ I-131A filing fee  នៅលើប្រព័ន្ធអ៊ិនធើណិត

  • ប្រសិនបើលោកអ្នកមានគម្រោងបំពេញពាក្យ I-131A ដើម្បីដាក់ពាក្យសុំ boarding foil សូមចំណាំថាលោកអ្នកត្រូវបង់ថ្លៃដាក់ពាក្យតាមប្រព័ន្ធអ៊ិនធើណិតនៅលើគេហទំព័រ USCIS website មុននឹងចូលទៅការិយាល័យកុងស៊ុល។ ព័ត៌មានអំពីពាក្យសុំថ្មីនិងតម្លៃមាននៅទីនេះ។ លោកអ្នកត្រូវយកភ័ស្តុតាងបង់ប្រាក់ ក្នុងទម្រង់ជាវិក្កយបត្រតាមអ៊ីម៉ែល ឬទំព័របញ្ជាក់ដែលព្រីនចេញមក នៅពេលដែលលោកអ្នកចូលមកដោយផ្ទាល់ដើម្បីដាក់ពាក្យ I-131A។ ដូចគ្នាទៅនឹងថ្លៃបង់ប្រាក់អន្តោប្រវេសន៍ប្រភេទដទៃទៀតដែរ ស្ថាប័ន USCIS មិនសងប្រាក់វិញទេ មិនថាពាក្យសុំនោះទទួលបានលទ្ធផលបែបណាក្ដី។ ស្ថាប័ន USCIS ក៏នឹងមិនសងថ្លៃពាក្យសុំ I-131A សម្រាប់បេក្ខជនវិញដែរ ប្រសិនបើបេក្ខជននោះច្រឡំដាក់ពាក្យសុំ SB-1 ជាជាងដាក់ពាក្យសុំ «boarding foil»។

ជំហានទី២៖ ណាត់ពេលវេលាសម្រាប់សម្ភាសន៍

ដើម្បីណាត់ពេលវេលាបាន សូមផ្ញើអ៊ីម៉ែលទៅកាន់ IVPhnomPenh@state.gov។ ការិយាល័យយើងខ្ញុំនឹងផ្ដល់ពេលវេលាសម្ភាសន៍តបទៅកាន់លោកអ្នកវិញក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។ សូមរៀបចំក៏ដូចជាយកមកជាមួយនូវឯកសារផ្សេងៗដូចបានបញ្ជាក់នៅក្នុងជំហានទី៣ខាងក្រោមពេលលោកអ្នកអញ្ជើញមកសម្ភាសន៍។

ជំហានទី៣ យកឯកសារដូចខាងក្រោមនេះមកជាមួយ

  1. បំពេញពាក្យសុំ Form I-131A  ឲ្យបានពេញលេញ ជាពាក្យសុំឯកសារសម្រាប់ធ្វើដំណើរ (​ឯកសាររបស់អ្នកកាន់)។
  2. វិក្កយបត្របង់ប្រាក់សម្រាប់ពាក្យសុំ I-131A អាចជាវិក្កយបត្រតាមអ៊ីម៉ែល ឬទំព័របញ្ជាក់ដែលព្រីនចេញមក
  3. លិខិតឆ្លងដែនដែលនៅមានសុពលភាព
  4. សំបុត្រយន្តហោះ (សំបុត្រយន្តហោះមួយដែលបង្ហាញថ្ងៃចាកចេញពីសហរដ្ឋអាមេរិករបស់អ្នក)
  5. ភ័ស្តុតាងបង្ហាញពីសិទ្ធិទទួលបានការរស់នៅសហរដ្ឋអាមេរិកអចិន្ត្រៃយ៍ (លិខិតឆ្លងដែនដែលមានត្រាអនុញ្ញាតឲ្យចូលរស់នៅសហរដ្ឋអាមេរិកក្នុងនាមជាអ្នករស់នៅអចិន្ត្រៃយ៍ ឬសេចក្ដីចម្លង green card របស់លោកអ្នក ប្រសិនបើមាន)
  6. ភ័ស្តុតាងបង្ហាញថាលោកអ្នកបានរស់នៅសហរដ្ឋអាមេរិករយៈពេល១២ខែចុងក្រោយ ឬឯកសារ/លិខិតផ្សេងទៀតចេញដោយស្ថាប័ន USCIS បញ្ជាក់ពីប្រភេទសិទ្ធិរស់នៅបច្ចុប្បន្នរបស់លោកអ្នក។
  7. របាយការណ៍ប៉ូលីសនៅពេលដែលកាតបាត់បង់ឬត្រូវលួច។ ប្រសិនបើគ្មានរបាយការណ៍ប៉ូលីសទេ នឹងតម្រូវឲ្យមានការពន្យល់លម្អិតអំពីពេលវេលានិងបុគ្គលដែលលោកអ្នកបានរាយការណ៍អំពីការបាត់បង់ឬចោរលួចកាត។
  8. រូបថតដាក់លិខិតឆ្លងដែនមួយសន្លឹកដែលមានផ្ទៃពណ៌សពីខាងក្រោយ ថតក្នុងអំឡុងពេល៣០ថ្ងៃចុងក្រោយ។ ចំណាំ៖ បេក្ខជនមិនអាចពាក់វ៉ែនតាថតរូបនោះបានទេ។

រយៈពេលនៃដំណើរការពាក្យសុំនឹងអាស្រ័យទៅតាមស្ថានភាពរបស់សំណុំរឿងលោកអ្នករួមជាមួយនឹងបរិមាណព័ត៌មាននិងភ័ស្តុតាងដែលលោកអ្នកផ្ដល់ឲ្យ។ រយៈពេលដំណើរការអាចចន្លោះពីមួយទៅពីរសប្ដាហ៍។ ក្នុងនោះក៏ត្រូវមានការចូលទៅកាន់ស្ថានទូតឬការិយាល័យកុងស៊ុលចំនួនពីរលើកផងដែរ (ឧទាហរណ៍៖ មួយលើកសម្រាប់ទៅសម្ភាសន៍ មួយលើកទៀតសម្រាប់ទៅយកលិខិតឆ្លងដែននៅពេលដែលទទួលបានការអនុម័ត)។ដោយហេតុនេះ លោកអ្នកត្រូវដាក់ពាក្យសុំ boarding foil ឲ្យបានឆាប់បំផុត ឬយ៉ាងហោចណាស់ឲ្យបាន១ខែមុនថ្ងៃដែលលោកអ្នកគ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។