សេចក្តី​ណែនាំ​ ចំពោះ​បេក្ខជន​សុំ​ទិដ្ឋាការ​អន្ដោប្រវេសន៍

ការិយាល័យកុងស៊ុលយើងខ្ញុំបានទទួលសំណុំរឿងធានារបស់លោកអ្នកក្នុងការស្នើសុំទិដ្ឋាការអន្តោប្រវេសន៍។ ដើម្បីទទួលបាននូវថ្ងៃណាត់សម្ភាសន៍ សូមលោកអ្នកអានសេចក្តីណែនាំនេះដោយយកចិត្តទុកដាក់ និងធ្វើតាម ការណែនាំដូចខាងក្រោមនេះ។

ជំហានដំបូង៖ សូមបំពេញពាក្យសុំ DS-260 រួចសូមរួសរាន់ផ្ញើក្រដាសបញ្ជាក់ថាបានបំពេញពាក្យសុំ DS-260 មកកាន់ការិយាល័យយើងខ្ញុំវិញ តាមរយៈអ៊ីម៉េល PHPpacket3@state.gov

ការិយាល័យកុងស៊ុលមិនអាចដំណើរការសំណុំរឿងរបស់អ្នកបានទេ បើលោកអ្នកមិនបានបំពេញ ពាក្យសុំ DS-260។ បន្ទាប់ពីបានទទួលក្រដាសបញ្ជាក់ថាបានបំពេញពាក្យសុំDS-260តាមរយៈអ៊ីម៉េល ការិយាល័យ កុងស៊ុល នឹងផ្តល់ជូនអ្នកនូវថ្ងៃណាត់សម្ភាសន៍។ អ្នកអាចរកមើលថ្ងៃណាត់សម្ភាសន៍របស់អ្នក នៅទីនេះ

ជំហានទីពីរ៖ លោកអ្នកត្រូវមានឯកសារដែលមានចុះក្នុងបញ្ជីខាងក្រោមនេះរួចជាស្រេចមុនថ្ងៃមកសម្ភាសន៍។ លោកអ្នកមិនត្រូវផ្ញើឯកសារទាំងនេះមកការិយាល័យកុងស៊ុល ឬ មជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) ទេ ប៉ុន្តែ ត្រូវកាន់មកជាមួយនៅថ្ងៃសម្ភាសន៍។

  1. លិខិតឆ្លងដែន៖លិខិតឆ្លងដែនដែលមានសុពលភាពប្រើប្រាស់ក្នុងការធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយដែលមានសុពលភាពយ៉ាងតិច ៦ខែ។ កូនៗរបស់អ្នកគឺត្រូវតែមានលិខិតឆ្លងដែនដោយឡែករៀងៗខ្លួន ទោះបីជាអាយុប៉ុន្មានក៏ដោយ។
  2. សំបុត្រកំណើត៖ លោកអ្នកត្រូវបង្ហាញសំបុត្រកំណើតច្បាប់ដើមភ្ជាប់ជាមួយច្បាប់ថតចំលង។
  3. រូបថត៖ រូបថត២សន្លឹក (ទំហំ ២ x ២ អ៊ិញ ឬ ៥ x ៥ ស.ម.) ថតចំពីមុខ ផ្ទៃខាងក្រោយពណ៌ស (សូមចុចត្រង់នេះដើម្បីចូលអានអំពីតំរូវការរូបថត)
  4. សំបុត្រអាពាហ៍ពិពាហ៍៖ បេក្ខជនដែលបានរៀបការហើយ ត្រូវតែមានសំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើម ភ្ជាប់ជាមួយច្បាប់ថតចំលង។ បេក្ខជនដែលធ្លាប់រៀបការត្រូវតែមានភស្តុតាងនៃការបញ្ចប់អាពាហ៍ពិពាហ៍ មុនៗ ដូចជាលិខិតមរណភាព ឬសាលក្រមលែងលះស្ថាពរ។
  5. ភស្តុតាងនៃទំនាក់ទំនង៖ អាចជាលិខិតស្នាមផ្សេងៗ សំបុត្រទាក់ទងគ្នា រូបថត និងភស្តុតាងផ្សេងៗ ដែលអ្នកគិតថាជាភស្តុតាងនៃទំនាក់ទំនងរបស់អ្នកជាមួយអ្នកធានា និងអ្នកដែលពាក់ព័ន្ធ។
  6. ពិនិត្យសុខភាព៖ រាល់បេក្ខជនសុំទិដ្ឋាការអន្តោប្រវេសន៍ទាំងអស់ ទោះបីជាអាយុប៉ុន្មានក៏ដោយ ត្រូវតែទៅពិនិត្យសុខភាព។ដើម្បីអានសេចក្តីណែនាំអំពីការពិនិត្យសុខភាព សូមចុចត្រង់នេះ
  7. ព្រឹត្តិប័ត្រថ្កោលទោស៖ រាល់បេក្ខជនសុំទិដ្ឋាការដែលមានអាយុចាប់ពី ១៦ ឆ្ឋាំឡើងទៅ គឹត្រូវតែមាន ព្រឹត្តិប័ត្រថ្កោលទោសច្បាប់ដើមដែលចេញដោយអាជ្ញាធរនៃប្រទេសកំណើតខ្លួន ដែលបានស្នាក់នៅយ៉ាងតិច៦ខែ ចាប់តាំងពីខ្លួនមានអាយុ១៦ឆ្នាំ ហើយក៏តំរូវអោយមានប្រសិនបើលោកអ្នកធ្លាប់ស្នាក់នៅប្រទេសក្រៅលើសពី១ឆ្នាំ។ ព្រឹត្តិប័ត្រថ្កោលទោសក៏ត្រូវតែមានសំរាប់បេក្ខជនដែលធ្លាប់ត្រូវបានចាប់ខ្លួន ដោយមិនគិត ពីរយៈពេលនៃការស្នាក់នៅឡើយ។ ព្រឹត្តិប័ត្រថ្កោលទោសនោះត្រូវតែបញ្ជាក់ពីកំឡុងពេលស្នាក់នៅសរុប នៃការរស់នៅរបស់បេក្ខជនក្នុងតំបន់ផេ្សងៗនៃប្រទេសនោះ។ ព្រឹត្តិប័ត្រថ្កោលទោសដែលចេញដោយ អាជ្ញាធរនៃប្រទេសដែលអ្នកកំពុងរស់នៅត្រូវតែទើបចុះកាលបរិច្ឆេទថ្មីៗ។ ព្រឹត្តិប័ត្រថ្កោលទោសគឺជាលិខិត ដែលចេញដោយអាជ្ញាធរស្តីអំពីអ្វីៗដែលពាក់ព័ន្ធនឹងបេក្ខជនក្នុងបញ្ជីរបស់ អាជ្ញាធររួមមានរាល់បទល្មើសនិងមូលហេតុនៃការចាប់ខ្លួននិងការដោះលែង។ នៅកម្ពុជា ព្រឹត្តិប័ត្រថ្កោលទោសត្រូវតែចេញដោយ ក្រសួងយុត្តិធម៌ដែលមានអាស័យដ្ឋាន #២៤០ ផ្លូវសម្តេចសុធារស រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង)។ សំរាប់ប្រទេសផ្សេងទៀត សូមចុចត្រង់នេះ
  8. លិខិតបញ្ជាក់ការងារកងទ័ព៖ លិខិតបញ្ជាក់នេះ គឺតម្រូវឲ្យបេក្ខជន ស្នើសុំពីនាយកដ្ឋាន អង្គភាព ឬ ការិយាល័យដែលបេក្ខជនកំពុង ឬធ្លាប់បំរើការងារ។ លិខិតនេះគឺជាកំណត់ត្រាពីប្រវត្តិការងារទាំងស្រុង ដែលបេក្ខជនធ្លាប់បំពេញការងារ។ លិខិតនេះក៏ត្រូវបញ្ជាក់ផងដែរនូវរាល់កំហុសការងារ ឬបទល្មើស ដែលត្រូវបានផ្តន្ទាទោសដោយតុលាការយោធា។
  9. កំណត់ត្រាតុលាការនិងពន្ធនាគារ៖ បេក្ខជនដែលបានប្រព្រឹត្តបទល្មើសត្រូវតែមានលិខិតឫកំណត់ត្រាដែល បានបញ្ជាក់ពីរាល់តុលាការនិងពន្ធនាគារ ទោះបីជាទោសនោះត្រូវបានទទួលការលើកលែងហើយក៏ដោយ។
  10. ពាក្យធានាផ្នែកហិរញ្ញវត្ថុ I-864 ច្បាប់ដើម និងឯកសារពន្ធចុងក្រោយបំផុតរបស់អ្នកធានា៖ លោកអ្នកអាច ទាញយកពាក្យធានាI-864បានតាមរយៈគេហទំព័រ http://www.uscis.gov/i-864 ហើយអាចចូលមើលរបៀបបំពេញទំរង់ I-864 នេះតាមរយៈគេហទំព័រ USCIS I-864 FAQ ។ សំរាប់ព៌តមានអំពីរបៀបយកឯកសារពន្ធ (Tax Transcripts) សូមទៅកាន់គេហទំព័រ www.irs.gov
  11. ការបកប្រែឯកសារ៖ រាល់ឯកសារដែលមិនមែនជាភាសារអង់គ្លេស ត្រូវតែមានភ្ជាប់មកជាមួយនូវ ឯកសារបកប្រែជាភាសារអង់គ្លេស។ ឯកសារដែលបានបកប្រែត្រូវតែបកប្រែដោយកន្លែងឬភ្នាក់ងារដែលមានការទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវមានឈ្មោះ ហត្ថលេខា និងទីកន្លែងភ្នាក់ងារបកប្រែ។

សូមអានសេចក្ដីណែនាំខាងក្រោមដោយប្រុងប្រយត្ន័

បេក្ខជនសុំទិដ្ឋាការអន្តោប្រវេសន៍ទាំងអស់ដែលមិនទាន់បានបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការនៅមជ្ឈមណ្ឌល ទិដ្ឋាការជាតិ (NVC) ត្រូវបង់ប្រាក់សំរាប់ការដាក់ពាក្យសុំទិដ្ឋាការនៅថ្ងៃសម្ភាសន៍។ ដើម្បីមើលតារាងតំលៃដែលត្រូវបង់ សូមចុចត្រង់នេះ

លោកអ្នកមិនចាំបាច់មកសាកសួរព័ត៌មាននៅស្ថានទូតអំពីសំណុំរឿងរបស់អ្នកទេ ប៉ុន្តែលោកអ្នកត្រូវជូនដំណឹង មកស្ថានទូត ប្រសិនបើស្ថានភាពរបស់អ្នកមានការប្រែប្រួល ដូចជា លោកអ្នកទើបតែរៀបអាពាហ៍ពិពាហ៍ ឫក៏អ្នកធានាបានទទួលមរណភាព។ សូមកុំផ្ញើឯកសារដែលពាក់ព័ន្ធនឹងរឿងទាំងនេះមកស្ថានទូត ប្រសិនបើ ស្ថានទូតមិនតម្រូវឲ្យអ្នកធ្វើដូច្នេះ។

កុំផ្ញើឯកសារផ្សេងៗមកស្ថានទូត ប្រសិនបើស្ថានទូតមិនបានតម្រូវឲ្យធ្វើ។