
* “គោលការណ៍ហាមពាក់វ៉ែនតា” នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រោមគោលការណ៍នេះ ផ្នែកកិច្ចការកុងស៊ុល (CA) នឹងឈប់ទទួលយករូបថតរបស់បេក្ខជនដាក់ពាក្យសុំទិដ្ឋាការនិងលិខិតឆ្លងដែនទាំងឡាយណា ដែលមានពាក់វ៉ែនតា ប៉ុន្តែអាចលើកលែងបានក្នុងករណីកម្រមួយចំនួនដែលមានឯកសារបញ្ជាក់សុខភាព។
យើងសូមផ្តល់យោបល់ថា លោកអ្នកគួរតែទៅថតរូប នៅហាងថតរូបណា ដែលមានជាងថតរូបអាជីព ដើម្បីអោយប្រាកដថារូបថតរបស់លោកអ្នកត្រូវ តាមលក្ខខ័ណ្ឌតំរូវខាងក្រោម៖
១) ជារូបថតពណ៌ (មានលក្ខណៈធម្មជាតិ មិនប្រើកម្មវិធីកំព្យូទ័រកាត់ត ឬកែរូបភាព)។
២) ផ្តិតក្នុងទំហំ២អ៊ីញ X ២អ៊ីញ (៥០មីលីម៉ែតបួនជ្រុង)។ ក្បាលត្រូវមានកំពស់ចន្លោះពី១អ៊ីញ និង១ ៣/៨អ៊ីញ (២២មីលីម៉ែត និង៣៥មីលីម៉ែត) ឬ៥០% និង៦៩% នៃកំពស់រូបថតទាំងមូលគិតពីចង្ការហូតដល់ក្បាល។
៣) ថតក្នុងកំឡុងពេលតិចជាង៦ខែ ដើម្បីអោយដូចនឹងរូបរាងបច្ចុប្បន្នរបស់បេក្ខជន។
៤) ត្រូវថតនៅពីមុខផ្ទាំងពណ៌ស ឬពណ៌ស្រដៀងស មិនត្រូវអោយមានស្រមោល គែម ឬស៊ុម។
៥) ត្រូវថតបែរមុខអោយចំម៉ាស៊ីនថត បើកភ្នែកទាំងពីរ ហើយអោយឃើញស្លឹកត្រចៀកទាំងសងខាងផង។
៦) ត្រូវថតដោយប្រើសំលៀកបំពាក់ធម្មតាដែលលោកអ្នកស្លៀកពាក់ជាប្រចាំថ្ងៃ
- មិនគួរពាក់ឯកសណ្ឋាននៅពេលថតរូបលើកលែងតែជាសំលៀកបំពាក់តាមបែបសាសនាដែលលោកអ្នកស្លៀកពាក់រាល់ថ្ងៃ។
- សូមកុំពាក់មួក ឬក៏របាំងក្បាលដែលធ្វើអោយបិតបាំងសក់ឬជើងសក់ លើកលែងតែករណីដែលត្រូវពាក់រៀងរាល់ថ្ងៃសំរាប់ជំនឿសាសនា។ រូបថតត្រូវតែបង្ហាញផ្ទៃមុខទាំងមូល ប្រសិនបើពាក់របាំងក្បាលមិនត្រូវអោយមានស្រមោលចាំងលើផ្ទៃមុខទេ។
- មិនអាចប្រើឧបករណ៍ស្តាប់សំលេងពាក់នឹងត្រចៀកបានទេ ទោះបីជាឧបករណ៍នោះគ្មានខ្សែ ឬជាឧបករណ៍ស្រដៀងគ្នាក៏ដោយ ក៏មិនអាចទទួលយកបានដែរ។
- លើកលែងតែ ក្នុងករណីដែលលោកអ្នកត្រូវពាក់វ៉ែនតា (កញ្ចក់គ្មានពណ៌) ឬប្រើឧបករណ៍ជំនួយស្តាប់សំលេង ឬឧបករណ៍ ស្រដៀងនេះជាប្រចំាថ្ងៃនោះ លោកអ្នកអាចពាក់វាបាន នៅពេលថតរូប។
- រូបថតដែលថតពាក់វ៉ែនតាកញ្ចក់ខ្មៅ ឬកញ្ចក់ពណ៌ផ្សេងៗទៀត គឺមិនអាចទទួលយកបានទេ។
- រូបថតមិនត្រូវអោយមានពន្លឺចាំង នៅលើកញ្ចក់ទេ។ ម្យ៉ាងវិញទៀតលោកអ្នកអាចជៀសវាងចំនាំងនេះបាន ដោយគ្រាន់តែពាក់វ៉ែនតាចុះក្រោមបន្តិច ឬអាចដោះវ៉ែនតាចេញ ឬក៏អាចបិទពន្លឺភ្លើងរបស់ម៉ាស៊ីនថត (Camera Flash)។