ជំហានទី១៖ ក្រសួងសន្តិសុខមាតុភូមិ
ជំហានទី២៖ មជ្ឈមណ្ឌលទិដ្ឋាការជាតិ
នៅពេលណាក្រសួងសន្តិសុខមាតុភូមិ យល់ព្រមលើពាក្យធានាហើយ ពាក្យនោះនឹងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) ។ ពាក្យធានាទាំងអស់ត្រូវបានធ្វើការពិនិត្យពិចារណា ខាងផ្នែករដ្ឋបាល នៅមជ្ឈមណ្ឌលទិដ្ឋាការជាតិ បន្ទាប់មកទើបមជ្ឈមណ្ឌលទិដ្ឋាការជាតិ កំណត់ពេលណាត់សំភាសន៍ជាមួយបេក្ខជនដែលត្រូវបានធានាទៅរស់នៅក្នុងសហរដ្ឋអាមេរិក នៅស្ថានទូតប្រចាំនៅប្រទេសណាមួយ ដូចដែលអ្នកធានាបញ្ជាក់លើពាក្យធានា។ មជ្ឈមណ្ឌលទិដ្ឋាការជាតិនឹងបញ្ជូនពាក្យធានាសាច់ញ្ញាតិជិតស្និទ្ធទាំងអស់ទៅស្ថានទូតនោះ ដើម្បីធ្វើការសំភាសន៍។ ចំពោះពាក្យធានាបងប្អូនបង្កើត និងធានាកូន ដែលមានអាយុលើសពី២១ឆ្នាំ មជ្ឈមណ្ឌលទិដ្ឋាការជាតិ រក្សាទុកទីនោះ ដោយរង់ចាំរហូតដល់ជិតពេលវេលាមួយសមស្រប ដែលគេអនុញ្ញាតិអោយធ្វើការណាត់សំភាសន៍បាន ហើយបញ្ជូនពាក្យទាំងនោះទៅស្ថានទូតសំរាប់ការសំភាសន៍។
ដើម្បីទាក់ទងជាមួយនឹងមជ្ឈមណ្ឌលទិដ្ឋាការជាតិ សូមចូលទៅកាន់ Public Inquiry Form ។
សូមចងចាំថា ចំពោះករណីទិដ្ឋាការគូដណ្តឹង K-១ និង K-3 មជ្ឈមណ្ឌលទិដ្ឋាការជាតិបញ្ជូនពាក្យធានាទៅស្ថានទូត ដោយមិនមានទារកឯកសារតំរូវការចាំបាច់ទាំងអស់ទេ។ តែស្ថានទូតនឹងទារឯកសារទាំងនោះពីបេក្ខជន ដែលត្រូវធ្វើអន្តោប្រវេសន៍ នៅប្រទេសកម្ពុជា (សូមមើលកញ្ចប់លេខ៣ ឬ Packet 3)។ ឯកសារ Packet 3 និងសេចក្តីណែនាំ មានតែនៅតាមគេហទំព័រនេះទេ។ នៅពេលស្ថានទូតទទួលបានទាំងពាក្យធានា ពីមជ្ឈមណ្ឌលទិដ្ឋាការជាតិ ទាំងទំរង់បែបបទ និងឯកសារទាំងអស់ដែលបានណែនាំក្នុង Packet 3 បេក្ខជនត្រូវបានចាត់ទុកថា “មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់តាមឯកសារ”។ ដោយហេតុនេះ ការសុំទិដ្ឋាការគូដណ្តឹងមិនអាចកំណត់ពេលសំភាសន៍តាមអ៊ិនធ័រនែត តាមរបៀបដូចការសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍បានទេ។ ស្ថានទូតមិនអាចកំណត់ថ្ងៃសំភាសន៍បានទេរហូតដល់ស្ថានទូតបានទទួលមកវិញ នូវក្រដាសបញ្ជាក់ពាក្យសុំទំរង់ DS-160 និងឯកសារ Checklist ដែលមានចុះហត្ថលេខាដោយបេក្ខជន (សូមមើល Packet 3)។
ចំណាំ៖ សូមកុំផ្ញើ Packet 3 និងឯកសារដទៃទៀតទៅកាន់ស្ថានទូត បើសិនជាលោកអ្នកមិនត្រូវបានគេប្រាប់ថាពាក្យធានាដែលត្រូវបានយល់ព្រមរបស់អ្នក បានមកដល់ស្ថានទូតហើយ។
ជំហានទី៣៖ ផ្នែកកុងស៊ុលរបស់ស្ថានទូត
ផ្នែកកុងស៊ុលក្នុងទីក្រុងភ្នំពេញ ទទួលពាក្យធានា ដែលទទួលបានការយល់ព្រម ពីមជ្ឈមណ្ឌលទិដ្ឋាការជាតិ ដើម្បីធ្វើការសំភាសន៍ទិដ្ឋាការ (លើកលែងតែដូចត្រូវបានកត់សំគាល់ ក្នុងករណីទិដ្ឋាការគូដណ្តឹង K-1 និង K-3)។ នៅពេលការសំភាសន៍របស់លោកអ្នកត្រូវបានកំណត់ពេលវេលាដោយ មជ្ឈមណ្ឌលទិដ្ឋាការជាតិហើយ សូមលោកអ្នកអញ្ជើញមកដល់ស្ថានទូតនៅទីក្រុងភ្នំពេញ តាមម៉ោងពេលកំណត់។ សូមយកមកជាមួយនូវឯកសារអោយសព្វគ្រប់និងរៀបចំអោយមានរបៀបរៀបរយ។ បុគ្គលិកស្ថានទូតនឹងពិនិត្យមើលឯកសាររបស់លោកអ្នកឡើងវិញ ហើយប្រមូលរៀបចំសំណុំឯកសារ របស់លោកអ្នកត្រៀមសំរាប់ការសំភាសន៍ជាមួយនឹងមន្រ្តីកុងស៊ុល។ រយៈពេលត្រួតពិនិត្យមើលសំណុំឯកសារនេះគឺពី១០ ទៅ១៥ នាទី។ ឯកសារដែលមិនពេញលេញ និងមិនរៀបរយអាចធ្វើអោយយឺតយ៉ាវ ដល់ដំណើរការងារនេះ។ នៅពេលសំណុំឯកសារត្រូវបានត្រួតពិនិត្យមើលអស់ហើយ មន្រ្តីកុងស៊ុលម្នាក់ នឹងហៅលោកអ្នកអោយមកកាន់បង្អួចសំភាសន៍ ដើម្បីធ្វើការសំភាសន៍។ បើករណីរបស់លោកអ្នកត្រូវបានយល់ព្រម នោះលោកអ្នកអាចមកយកទិដ្ឋាការ ដែលតាមធម្មតាត្រូវបានចេញក្នុងរយៈពេល ពី៤ ទៅ៧ថ្ងៃ នៃថ្ងៃធ្វើការ។
យើងខ្ញុំមិនអាចពន្លឿនការសំភាសន៍ទិដ្ឋាការអន្តោប្រវេសន៍បានទេ លើកលែងតែក្នុងករណីបន្ទាន់ពិតប្រាកដ ដូចជាការពង្រាយយោធា ឬមានបញ្ហាសុខភាពបន្ទាន់។ ក្នុងករណីបែបនេះ សូមជូនដំណឹងមកយើងខ្ញុំភ្លាមតាមអ៊ីម៉េល ដើម្បីអោយយើងខិតខំជួយតាមដែលយើងអាចធ្វើទៅបាន។
បេក្ខជនដែលយើងត្រូវការពេលវេលា សំរាប់ធ្វើការរដ្ឋបាលផ្ទៃក្នុងអាចរងការយឺតយ៉ាវ (រាប់ពីបីបួនសប្តាហ៍ ទៅបីបួនខែ)។ យើងខ្ញុំនឹងជំរាបទៅបេក្ខជននៅពេលគាត់មានករណីបែបនេះ។ បេក្ខជនក៏អាចតាមដានសុំណុំរឿងរបស់ពួកគេតាមរយៈគេហទំព័រ៖https://ceac.state.gov/CEAC/
បើលោកអ្នកត្រូវបានរកឃើញថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានទិដ្ឋាការអន្តោប្រវេសន៍ មន្រ្តីកុងស៊ុលនឹងប្រាប់លោកអ្នកថាតើច្បាប់មានចែងពីការលើកលែងចំពោះរឿងនេះដែរឬអត់។