ទិដ្ឋាការ​​មិន​មែន​​អន្តោប្រវេសន៍

ការិយាល័យ​កុងស៊ុល នៃ​ស្ថានទូត​អាមេរិក ប្រចាំនៅ​ទីក្រុង​ភ្នំពេញ មានភារកិច្ច​ផ្តល់សេវាទិដ្ឋាការ​ដល់​អ្នក ដែលចង់ធ្វើដំំណើរ​ទៅ​សហរដ្ឋអាមេរិក ក្នុងរយៈពេលបណ្តោះអាសន្ន និងសម្រាប់អ្នកដែលមានបំណងស្នាក់នៅមិនមានការ​កំណត់ ឬអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។

សូមចូលមើលគេហទំព័រសេវាគាំទ្រសកលរបស់យើង (GSS) ដើម្បីទទួលបានព័ត៌មានបន្ថែម រួមទាំង​បញ្ជី​ប្រភេទ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ផ្សេងៗ​។

ព័ត៌មានស្តីពីការផ្អាកលែងផ្តល់ទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍មួយចំនួននៅប្រទេសកម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិច​តួច​ប៉ុណ្ណោះ​។

ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួល​យក​ពលរដ្ឋ​នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ត្រូវ​បញ្ជា​​អោយ​​​មន្ត្រី​​កុងស៊ុល​​បញ្ឈប់​​លែង​​ផ្តល់​ទិដ្ឋាការ​​រហូត​ទាល់​តែ​រដ្ឋមន្រ្តី​សន្តិសុខ​មាតុភូមិ​ទទួល​បាន​ព័ត៌មានថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ​បាន​យល់​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​គេ​វិញ​ហើយ​។

ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។

សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។

ដើម្បីទាក់ទងតំណាងផ្នែកសេវាអតិថិជន សូមចូលមើលវែបសាយ GSS ឬប្រើព័ត៌មានទំនាក់ទំនងខាងក្រោម:

  • ទូរស័ព្ទ: (៨៥៥ ២៣) ៩៦២ ៥៣០ (សម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍)
  • អ៊ីម៉ែល: យើងមិនអាចទទួលទូរស័ព្ទ ពីបុគ្គលដែលសាកសួរអំពីករណីទិដ្ឋាការបានទេ។ សូមផ្ញើសំណួរទិដ្ឋការរបស់អ្នកទៅអ៊ីម៉ែលខាងក្រោម:ទិដ្ឋាការមិនមែនអន្តោប្រវេសន៍: support-cambodia@ustraveldocs.com

    ទិដ្ឋាការអន្តោប្រវេសន៍: IVPhnomPenh@state.gov
    នៅ​ក្នុងប្រអប់ប្រធានបទ សូមសរសេរពាក្យ “IV Inquiry” និងលេខករណីរបស់អ្នក (ដែលចាប់ផ្ដើមដោយអក្សរ “PHP” បន្ទាប់មកមានលេខ ១០ ខ្ទង់)

នីតិវិធីសុវត្ថិភាពរបស់ស្ថានទូតតម្រូវឱ្យភ្ញៀវទាំងអស់ទទួលបានការត្រួតពិនិត្យសន្តិសុខ។ អ្នកត្រូវ​ផ្ញើទូរស័ព្ទដៃរបស់​អ្នកជាមួយ​បុគ្គលិកសន្តិសុខរបស់​ស្ថានទូត ប៉ុន្តែ​យើង​ខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់ឬខូចទូរស័ព្ទដៃរបស់អ្នកឡើយ។ ក្រៅពីនេះ​ អ្នក​មិនអាច​យករបស់​ខាងក្រោម​នេះ​ចូលក្នុងស្ថានទូត​បាន​ទេ៖

  • រាល់ឧបករណ៍ឌីជីថល និង​ឧបករណ៍ដែលប្រើអាគុយឫថ្ម ដូចជាកុំព្យូទ័រ ម៉ាស៊ីនថត ឧបករណ៍ចាក់ភ្លេង ស៊ីឌី និង​កាសែត​វីដេអូ ជាដើម។
  • កាបូបដៃ ដែលមានទំហំធំពេក។
  • កាបូបធ្វើដំណើរ ឬវ៉ាលី ដែលមាន​ទំហំ​ធំ។ អ្នកគួរដាក់ឯកសារចាំបាច់សម្រាប់ការណាត់ជួប ក្នុងថង់ថ្លា
  • ម្ហូបអាហារ
  • ស្រោមសំបុត្រ ឬកញ្ចប់ដែលបិទជិត។
  • បារី ដែកកេះ ឈើគូស
  • វត្ថុស្រួចៗ ដូចជាកន្ត្រៃ និងកាំបិត
  • អាវុធឬគ្រឿងផ្ទុះគ្រប់ប្រភទ។

យើង​មិនអាច​បរិយាយ​គ្រប់​វត្ថុដែលហាមឃាត់នោះទេ ប៉ុន្តែគួរកត់សំគាល់ថាបុគ្គលិកសន្តិសុខមាន​សិទ្ធិហាមឃាត់ វត្ថុផ្សេងទៀត ដែល​អាចមានការសង្ស័យ។ ក្រៅពីទូរស័ព្ទចល័តមួយស្ថានទូតអាមេរិកនឹងមិនទទួលការផ្ញើ នូវវត្ថុដែលបានរៀបរាប់ខាងលើទេ។ អ្នកត្រូវធ្វើការរៀបចំទុករបស់ទាំងនេះដោយខ្លួនឯង មុនពេលអ្នកចូលស្ថានទូត។

មានតែអ្នកដាក់ពាក្យសុំទិដ្ឋាការដែលបាន​ទទួលការបញ្ជាក់រួចហើយ ត្រូវបានអនុញ្ញាតិអោយ​ចូលបរិវេណស្ថានទូត។ បងប្អូនញ្ញាត្តិមិត្តរបស់អ្នកដាក់ពាក្យ ត្រូវរង់ចាំនៅខាងក្រៅស្ថានទូត។

ប្រសិនបើអ្នកមិនបាន​ប្រតិបត្តិតាមនីតិវិធីខាងលើនេះទេ អ្នកនឹងអាចប្រឈមនឹងការពន្យារពេល ឬការលុបចោលចំពោះការណាត់ជួបរបស់អ្នក។

សូមចូលមើលវែបសាយរបស់ក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានព័ត៌មានអំពីទិដ្ឋាការការទូតឬផ្លូវការ។ សម្រាប់ព័ត៌មានអំពីរបៀបដាក់ពាក្យសុំទិដ្ឋាការការទូតឬផ្លូវការ សូមចុចត្រង់នេះ។ អ្នកអាចផ្ញើអ៊ីមែលមកយើងតាមរយៈ dipvisasphnompenh@state.gov សម្រាប់សំណួរអំពីទិដ្ឋាការការទូតឬផ្លូវការ។