រាជធានីភ្នំពេញ
ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥
សូមជំរាបសួ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស អស់លោក លោកស្រី ។ សូមជូនពរឆ្នាំថ្មី!
ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះ ដើម្បីប្រកាសការបើកហាង Domino’s Pizza នៅប្រទេសកម្ពុជា។ អាហារច្រើនតែធ្វើអោយមិត្តភក្តិ និងគ្រួសារមកជួបជុំគ្នា ដូច្នេះ វាជាការត្រឹមត្រូវណាស់ដែលយើងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការស្វាគមន៍ហាង Pizza ដ៏ល្បីរបស់អាមេរិក។ ខ្ញុំសូមអរគុណហាង Domino’s Pizza ដែលបានអញ្ជើញខ្ញុំអោយមកចូលរួមនៅក្នុងពិធីដ៏សំខាន់នេះ។
មុខងារមួយក្នុងចំណោមមុខងារដ៏សំខាន់បំផុតរបស់ស្ថានទូតអាមេរិកគឺដើម្បីជួយគាំទ្រក្រុមហ៊ុនអាមេរិក ហើយលើកទឹកចិត្តអោយមានទំនាក់ទំនងគ្នាជិតស្និទ្ធក្នុងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការរកស៊ីជាមួយគ្នាបង្កើតអោយមានការងារធ្វើ នៅក្នុងប្រទេសទាំងពីរ ជំរុញស្ថិរភាព និងកែលំអជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ។ ដោយធ្វើការជាមួយក្រុមហ៊ុនអាមេរិក យើងសង្ឃឹមថា នឹងបានពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់នេះ ហើយធ្វើអោយការទាក់ទងរបស់យើងនៅក្នុងវិស័យកាន់តែច្រើនឡើងមានភាពកាន់តែជ្រាលជ្រៅឡើង។
ដោយគិតយ៉ាងដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមស្វាគមន៍ក្រុមហ៊ុន Domino’s Pizza នៅកម្ពុជា។ តាមរយៈការខិតខំ ផលិតផលល្អ និងសេវាដ៏ល្អ អ្វីដែលចាប់ផ្តើមពីដំបូងឡើងជាហាងតែមួយ នៅឆ្នាំ១៩៦០ ពេលនេះ បានរីកធំជាក្រុមហ៊ុនមួយដែលមានហាងចំនួន ១០ ០០០ នៅតាមប្រទេសចំនួនជាង ៧០។ ក្រុមហ៊ុននេះ ដែលមាននិមិត្តរូបពណ៌ក្រហម ស និងខៀវ បានចាប់ផ្តើមរកស៊ីដំបូងនៅជិតសាកលវិទ្យាល័យ Eastern Michigan University នៅក្រុង Ypsilanti រដ្ឋ Michigan ហើយសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យចូលចិត្តណាស់ ជាពិសេស នៅពេលប្រលងចុងក្រោយ។ ខ្ញុំនៅចាំច្បាស់ថា នៅយប់មួយ នៅពេលខ្ញុំរៀននៅមហាវិទ្យាល័យ ពេលកំពុងខំប្រឹងរៀបចំសំរាប់ការប្រលងមួយ។ ដោយហត់នឿយ ហើយមិនសូវមានពេលចំអិនអាហារ ខ្ញុំបានហៅក្រុមហ៊ុន Domino’s Pizza ។ ទោះបីជាមានភ្លៀងនិងខ្យល់ខ្លាំងក្តី ក៏អ្នកដឹកនាំមកដល់តែក្នុងរយៈពេល ២០ នាទី ដោយយកនំដ៏ឆ្ងាញ់ចំនួន ១០ ចំណិត ដែលល្មមសំរាប់ខ្ញុំនាយប់នោះ។ ខ្ញុំក៏ចងចាំផងដែរថា Domino’s Pizza ក៏មានចំណែកយ៉ាងច្បាស់មួយនៅក្នុងវ័យកុមាររបស់ខ្ញុំ នៅក្នុងពិធីខួបកំណើត បន្ទាប់ពីការហែលទឹក និងនៅពេលស្រែកគាំទ្រក្រុមកីឡាបាល់ទាត់ដែលយើងស្រឡាញ់នៅតាមទូរទស្សន៍។ ខ្ញុំសង្ឃឹមថា នៅពេលជនជាតិខ្មែរបានស្គាល់ក្រុមហ៊ុននេះ ពួកគេនឹងមានអនុស្សាវរីល្អពីការបរិភោគ និងការជួបជុំគ្នាក្នុងគ្រួសារ រាប់ឆ្នាំក្រោយមក។
ជាទីបញ្ចប់នេះ ខ្ញុំសូមនិយាយថា ចក្ខុវិស័យ ភាពក្លាហានរបស់ក្រុមហ៊ុន Domino’s ក្នុងការមករកស៊ីនៅកម្ពុជានឹងជំរុញអោយក្រុមហ៊ុនអាមេរិកដទៃទៀតមកដែរ។ ក្នុងនាមជាក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក ទាំងចំពោះគុណភាព ទាំងចំពោះសេវាដ៏ល្អ ខ្ញុំសូមផ្តល់ការសរសើរដោយស្មោះ ហើយខ្ញុំសូមជូនពរអោយក្រុមហ៊ុនបន្តមានជោគជ័យថែមទៀត។ សូមអរគុណក្រុមហ៊ុន Domino’s ចំពោះការសំរាលការពិបាករបស់ខ្ញុំ ក្នុងអំឡុងពេលនៃការប្រលងរបស់ខ្ញុំ។ ខ្ញុំមិនចាំថាតើខ្ញុំបានពិន្ទុប៉ុន្មានទេ ក្នុងការប្រលងទាំងនោះ តែខ្ញុំមិនដែលភ្លេច Pizza ទេ! សូមអរគុណ។