ពិធីប្រកាសគម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេ នៅតំបន់អាស៊ីអាគ្នេយ៏

ចេញ​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧

គម្រោងរួមគ្នាថ្មីមួយ ដែលនឹងអនុវត្តដោយ បណ្ឌិត Zeb Hogan អ្នកគ្រប់គ្រងកម្មវិធី «ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild

គម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេ នៅតំបន់អាស៊ីអាគ្នេយ៏ នឹងប្រកាសអនុវត្តនៅកម្ពុជា នៅថ្ងៃទី ៧ កុម្ភៈ វេលាម៉ោង ៣រសៀល នៅសណ្ឋាគារ រ៉ាហ្វ៉លឡឺរ៉ូ យាល់។ ពិធីប្រកាសគម្រោងនេះ នឹងមានការថ្លែងសុន្ទរកថាពីលោកស្រី Polly Dunford នាយិកា បេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត Zeb Hogan សាស្ត្រាចារ្យសាកលវិទ្យាល័យ Nevada-Reno ។

គម្រោង «អច្ឆរិយៈទន្លេមេគង្គ» នេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពី សារសំខាន់នៃទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីរបស់វា ដែលជាផ្នែកដ៍សំខាន់ដល់សេដ្ឋកិច្ច និងសុខ ភាពសង្គមនៃតំបន់អាស៊ីអាគ្នេយ៍។ ដោយប្រើប្រាស់បណ្តាញសង្គម និងមធ្យោបាយផ្សេងៗនៃប្រព័ន្ធ ផ្សព្វផ្សាយ គម្រោង «អច្ឆរិយៈទន្លេមេគង្គ» នឹងចែករំលែករឿងរ៉ាវជាច្រើនអំពីរបៀបដែលប្រជាជន ក្នុងតំបន់ប្រើប្រាស់ និងទាញយកប្រយោជន៍ពីទន្លេមេគង្គ និងដៃទន្លេរបស់វា។ «អច្ឆរិយៈទន្លេមេគង្គ» ពឹងផ្អែកលើជំនាញពីស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិដែលឈានមុខគេ រួមទាំងវិទ្យាស្ថាន ស្រាវ ជ្រាវជលផលនិងអភិវឌ្ឍន៍។ គម្រោងនេះ នឹងកសាងភាពជាដៃគូស្ថាប័ន និងបង្កើតសម្ភារៈអប់រំ ដើម្បីជំរុញការស្រាវជា្រវពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូសុី និងជីវចម្រុះទន្លេមេគង្គ។

អ្នកអនុវត្តសំខាន់សម្រាប់គម្រោងនេះ គឺ បណ្ឌិត Zeb Hogan ដែលមានបទពិសោធន៍ជិត ២០ឆ្នាំ រស់នៅនិងធ្វើការនៅតំបន់ទន្លេមេគង្គ។ បណ្ឌិត Hogan ត្រូវបានគេស្គាល់តាមរយះការធ្វើជា ម្ចាស់កម្មវិធី «ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild ដែលធ្វើដំណើរជុំវិញពិភពលោកស្រាវ ជ្រាវរកប្រភេទត្រីចម្លែកៗ។ អ្នកអនុវត្តគម្រោងមួយទៀតនោះ គឺ បណ្ឌិត Sudeep Chandra នៃ សាកលវិទ្យាល័យ Nevada-Reno។ ការងាររបស់បណ្ឌិត Sudeep Chandra ផ្តោតទៅលើការអភិរក្ស និងការស្តារប្រព័ន្ទអេកូឡូស៊ីក្នុងទឹក ដោយមានគោលបំណងធ្វើអោយគោលនយោបាយបរិស្ថានបាន ប្រសើរឡើង។ វាគ្មិននឹងឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីកម្មវិធីបញ្ចប់។

សមាជិកអ្នកសារព័ត៌មាន ដែលមានបំណងចូលរួមកម្មវិធីនេះ សូមចុះឈ្មោះជាមួយនឹងផ្នែក កិច្ចការសាធារណៈនៃស្ថានទូតអាមេរិក តាមរយះទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីមែល Chreav@state.gov អោយបានមុខម៉ោង ១១ព្រឹក ថ្ងៃទី ៧ កុម្ភះ ឆ្នាំ ២០១៧ ៕