សិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សាមុខវិជ្ជា STEM របស់គំរោងមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍

ចេញ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧

ស្ថានទូតអាមេរិក រួមជាមួយនឹងមូលនិធិអាស៊ី និងគំរោង STEM Cambodia នឹងរៀបចំសិក្ខាសាលា ស្តីពីការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) របស់គំរោងផ្តួចផ្តើមស្តីពី មេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ។ ពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២៨ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ៨ ព្រឹក ក្នុងបន្ទប់ Sunflower Ballroom នៃសណ្ឋាគារ Himawari Hotel ។ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក។ ចាប់ពីម៉ោង ២ រសៀល នៅថ្ងៃសុក្រ ទី២ ខែមិនា ឆ្នាំ ២០១៨ អ្នកចូលរួមដែលមកពីគំរោង YSEALI នឹងបង្ហាញពីគំរោងសហការរួមគ្នារបស់គេ នៅក្នុងបុណ្យស្តីពីវិស្វកម្ម និងវិទ្យាសាស្រ្តនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅស្ថាតអូឡាំពិក។ គំរោងល្អជាង គេចំនួន ៣ នឹងទទួលបានថវិកាខ្នាតតូច ដើម្បីប្រែក្លាយគំនិតរបស់គេអោយទៅជាសកម្មភាពជាក់ស្តែង។

សិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សាមុខវិជ្ជា STEM របស់គំរោងមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ី អាគ្នេយ៍មានការចូលរួមនៃយុវជន យុវនារីវ័យក្មេងចំនួន ៥០ នាក់ ដែលមកពីប្រទេសអាស៊ានទាំង ១០ ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជំរុញការសិក្សាមុខវិជ្ជា STEM ។ សិក្ខាសាលានេះនឹងផ្តោតលើ សារៈសំខាន់នៃការសិក្សាមុខវិជ្ជា STEM ភាពខ្វះចន្លោះក្នុងជំនាញក្នុងមុខវិជ្ជា STEM នារីដែលសិក្សាមុខវិជ្ជា STEM និងគំនិតថ្មីៗទាក់ទងនឹងមុខវិជ្ជា STEM ។

ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ គំរោង YSEALI គឺជាកម្មវិធីសំខាន់មួយរបស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក សំរាប់ពង្រឹងការអភិវឌ្ឍនៃភាពជាអ្នកដឹកនាំ និងការចងក្រងគ្នាជាបណ្តាញនៅតំបន់ អាស៊ីអាគ្នេយ៍។ តាមរយៈសកម្មភាពចូលរួម និងកម្មវិធីនានា គំរោង YSEALI មានបំណងកសាងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងតំបន់ ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ បណ្តុះក្រុមមេដឹកនាំអាស៊ានដែលធ្វើការឆ្លងព្រំដែនដើម្បីដោះស្រាយបញ្ហារួម។

ដើម្បីយកព័ត៌មាននៅក្នុងសិក្ខាសាលានេះ និងធ្វើការសួរនាំ សូមទាក់ទងមកលោក ជ្រា វណ្ណរិទ្ធ អ្នកឯកទេសផ្នែកព័ត៌មានរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ឬទាក់ទងមកឈ្មោះ Chy Terith ប្រធានកម្មវិធីនៅមូលនិធិអាស៊ី តាមទូរស័ព្ទលេខ ០១៧ ៨០៨ ០១៧ ឬអ៊ីម៉េលមក terith.chy@asiafoundation.org