យុវជនមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាមមកចូលរួមក្នុងសិក្ខាសាលា TechCamp H2.0

ចេញ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០១៦

សមាជិកចំនួន ៥០ នាក់នៃគំរោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama សំរាប់អោយយុវជនធ្វើការបង្កើតជាបណ្តាញជាមួយគ្នា និងធ្វើការអភិវឌ្ឍភាពជាអ្នកដឹកនាំ នៅក្នុងតំបន់ បានបញ្ចប់ក្នុងពេលថ្មីៗនេះ នូវសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម” ដែលមានរយៈពេល ២ ថ្ងៃ ដោយអ្នកចូលរួមបានសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ ដើម្បីបង្កើតដំណោះស្រាយសំរាប់បញ្ហាប្រឈមរួមផ្នែកទឹក។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និងទី ២៥ ខែកញ្ញា នៅ Raintree Cambodia ដែលជាកន្លែងធ្វើការមានគំនិតច្នៃប្រឌិត នៅភ្នំពេញ។ ស្ថានទូតអាមេរិកបានធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដើម្បីរៀបចំ និងដំណើរការ TechCamp នេះ។ ក្រៅពីសមាជិកចំនួន ៥០ នាក់នៃគំរោង (YSEALI) ដែលជាតំណាងមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម មានអ្នកជំនាញផ្នែកបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិចំនួន ២០ នាក់ ដែលមកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី ឥណ្តូនេស៊ី និងនីសេរីយ៉ា បានធ្វើជាគ្រូបង្រៀន នៅក្នុងសិក្ខាសាលានេះ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt ដែលបានថ្លែងនៅក្នុងពិធី បើក ជាមួយនឹងលោក អ៊ាង សុផាល្លែត អនុរដ្ឋលេខាធិការនៃក្រសួងការបរិស្ថានកម្ពុជា បានមានប្រសាសន៍ថា “សមាជិក YSEALI ទាំងនេះតំណាងអោយចំនួនកាន់តែច្រើនឡើងនៃយុវជន ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិរក្សបរិស្ថានសំរាប់មនុស្សជំនាន់ក្រោយ។ ដោយមានសមាជិកចំនួនជាង ៦០០០ នាក់នៅកម្ពុជា និង ជាង ១០០ ០០០ នាក់នៅទូទាំងតំបន់អាស៊ាន គំរោង YSEALI បានក្លាយជាយានដ៏មានប្រសិទ្ធភាព សំរាប់ ផ្តល់អោយយុវជននូវជំនាញ ធនធាន និងបណ្តាញដែលគេត្រូវការ ដើម្បីប្រែក្លាយគំនិតអោយទៅជាសកម្មភាព”។

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក បានមានប្រសាសន៍ថា “សមាជិក YSEALI ទាំងនេះជាតំណាងយុវជនយុវនារី ដែលមានចំនួនកាន់តែកាន់តែច្រើនឡើង ក្នុងការតាំងចិត្តថែរក្សាសបរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ” ។ [Photo: Un Yarat]

បើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់សហប្រជាជាតិ មានមនុស្សជាង ៧០ លាននាក់ ដែលរស់នៅក្នុងអាងទន្លេមេគង្គ ពឹងផ្អែកលើស្បៀង និងរបរចិញ្ចឹមជីវិតដែលបានមកពីប្រព័ន្ធទន្លេ។ ទោះបីជាទន្លេមេគង្គនិងផ្លូវទឹកដទៃទៀតមានតួនាទីសំខាន់ចាំបាច់ នៅក្នុងការពង្រីកផ្នែកសេដ្ឋកិច្ច និងសង្គមក្តី តែទន្លេនៅក្នុងតំបន់នេះប្រឈមនឹងការគំរាមកំហែងមួយចំនួន ដែលរួមមានការបំពុល ការនេសាទហួសកំរិត និងការអភិវឌ្ឍន៍។ បំណងចំបងនៃសិក្ខាសាលា TechCamp H2.០ នេះគឺដើម្បីផ្តល់អំណាចដល់យុវជន ដោយផ្តល់អោយពួកគេនូវមធ្យោបាយបានធ្វើជាអ្នកតស៊ូដ៏ល្អដោយខ្លួនគេ និងដើម្បីរកអោយឃើញដំណោះស្រាយរួមចំពោះបញ្ហាប្រឈម ដែលធ្វើអោយមានការប៉ះពាល់ដល់ផ្លូវទឹក។

គោលបំណងទី ២ នៃសិក្ខាសាលានេះគឺដើម្បីជំរុញការសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលអ្នកជំនាញជាច្រើនអះអាងថា គឺជាវិធីមួយក្នុងចំណោមវិធីល្អបំផុតសំរាប់អោយប្រទេសនៅតំបន់មេគង្គក្រោមបង្កើនចំនួនអ្នកចេះដឹង និងបង្កើនមុខវិស័យនៃសេដ្ឋកិច្ចរបស់គេអោយមានច្រើនឡើង ។ ដោយបច្ចេកវិទ្យាមានសារៈសំខាន់កាន់តែច្រើនឡើងនៅក្នុងតំបន់ សិក្ខាសាលានេះគឺជាផ្នែកចុងក្រោយមួយនៃការខិតខំជាបន្តរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត នៅក្នុងតំបន់ នៅក្នុងការលើកទឹកចិត្តអោយយុវជនរៀនយកជំនាញ នៅក្នុងមុខវិជ្ជា STEM ។

ក្នុងព្រឹកថ្ងៃទី១ សិស្សនិស្សិតចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីពង្រឹងជំនាញធ្វើការជាក្រុម និងជំនាញដោះស្រាយបញ្ហា។ [Photo: Un Yarat]
ក្នុងព្រឹកថ្ងៃទី១ សិស្សនិស្សិតចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីពង្រឹងជំនាញធ្វើការជាក្រុម និងជំនាញដោះស្រាយបញ្ហា។ [Photo: Un Yarat]

សកម្មភាពនានាជាច្រើនត្រូវបានធ្វើ នៅចុងសប្តាហ៍នេះ ដែលរួមមានវគ្គរៀនសូត្រស៊ីជំរៅ ការឡើងបកស្រាយជាក្រុម និង វិធីបែបថ្មីម្យ៉ាងដើម្បីធ្វើអោយអ្នកចូលរួមម្នាក់ៗអាចធ្វើការជាមួយគ្រូម្នាក់ៗ។ សិក្ខាសាលានេះមានឡើងស្របពេលជាមួយនឹងការអបអរសាទរនៅទូទាំងពិភពលោក នូវទិវាទន្លេពិភពលោក ថ្ងៃទី ២៥ ខែកញ្ញា ដែលមានបំណងបង្កើនការយល់ដឹងនៃសាធារណជន និងលើកទឹកចិត្តអោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទន្លេ នៅជុំវិញពិភពលោក។ ជាមួយនឹងការចូលរួមយូរអង្វែង ដែលមានឡើងតាមរយៈបណ្តាញដែលត្រូវបានបង្កើតឡើង ការឆ្លើយឆ្លងគ្នាតាមអ៊ិនធ័រណែត និងគំរោងសាកល្បងដែលទ្រទ្រង់ដោយថវិកាសំរាប់ចាប់ផ្តើមគំរោង (Seed grant) អ្នកចូលរួមក្នុងសិក្ខាសាលា TechCamp នេះរំពឹងថា នឹងរក្សាការប្តេជ្ញាចិត្តចំពោះគោលបំណងនៃសិក្ខាសាលានេះ ហើយចូលរួមជាមួយអ្នកដទៃ នៅក្នុងការខិតខំទាំងអស់គ្នា ដើម្បីការពារផ្លូវទឹករបស់យើង។

សិក្ខាសាលា TechCamp ដែលឧបត្ថម្ភដោយការិយាល័យព័ត៌មានអន្តរជាតិ (IPP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បណ្តុះបណ្តាលក្រុមមនុស្សគោលដៅវិធីប្រើមធ្យោបាយបច្ចកវិទ្យាដែលចំណាយអស់សោហ៊ុយតិច ងាយយកទៅអនុវត្ត និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរកដំណោះស្រាយសំរាប់បញ្ហាប្រឈមរបស់សង្គម។ កន្លងមក TechCamp ចំនួន ៤០ ត្រូវបានធ្វើនៅទូទាំងសាកលលោក លើប្រធានបទផ្នែកសុខភាព ការអប់រំ ការផ្តល់អំណាចដល់ស្រ្តី ការចូលរួមទាំងអស់គ្នាក្នុងសង្គម ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាដើម។ មនុស្សជាង ២ ៣០០ នាក់ មកពីប្រទេសចំនួន ១១០ បានចូលរួមនៅក្នុងសិក្ខាសាលា TechCamp។ បើចង់ដឹងបន្ថែមទៀត សូមចូលមើលគេហទំព័រ www.facebook.com/TechCampGlobal